សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន ពលរដ្ឋអាមេរិកជាង១៧លានគ្រួសារបានចិញ្ចឹមមាន់នៅសួនច្បារក្រោយលំនៅឋានរបស់ពួកគេកាន់តែច្រើន ដោយសារតម្លៃស៊ុតមាន់កើនឡើង ។ ពលរដ្ឋអាមេរិកភាគច្រើននិយមបរិភោគស៊ុតមាន់ ក្នុងនោះមានការធ្វើម្ហូបអាហារពីស៊ុតមាន់ស្រស់ ឬនំចំណីផ្សំឡើងពីស៊ុតមាន់ ដើម្បីលើកកម្ពស់គុណភាពការចិញ្ចឹមមាន់នៅក្រោយលំនៅឋានឱ្យល្អប្រសើរឡើង ។
បច្ចេកវិទ្យាបកប្រែភាសាដោយការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI នឹងជួយឱ្យអ្នកចិញ្ចឹមមាន់នៅអាមេរិកអាចជ្រាបពីតម្រូវការរបស់ពួកវា ហើយជួយឱ្យការចិញ្ចឹមមាន់កាន់តែងាយស្រួលជាងមុន ។ ហេតុនេះ ពលរដ្ឋអាមេរិកភាគច្រើនបានជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ។
ទ្រុងមាន់ឆ្លាតវៃត្រូវបានគេផលិតឡើងដោយចំណាយពេលជាង១ម៉ឺនម៉ោង ហើយបច្ចេកវិទ្យានេះមានឈ្មោះថា Albert Eggstein ដែលជាបច្ចេកវិទ្យាជួយឱ្យអ្នកចិញ្ចឹមមាន់អាចមើលថែមាន់របស់ខ្លួននៅសួនច្បារក្រោយលំនៅឋាន និងបរិស្ថានជុំវិញបានរយៈពេល២៤ម៉ោងជារៀងរាល់ថ្ងៃ ។ លើសពីនេះ គេបានបំពាក់នូវកាមេរ៉ាចំនួន២គ្រឿង ដែលអាចថតរូបភាពបានច្បាស់ល្អ និងបញ្ជូនរូបភាពមកកាន់ទូរស័ព្ទស្មាតហ្វូន ។
ឧបករណ៍បកប្រែភាសាដោយប្រើប្រាស់បច្ចេកវិទ្យា AI នឹងមានកម្មវិធី Software សម្រាប់ចាប់សំឡេងយំរបស់មាន់ និងសំឡេងជជែកគ្នាជាមួយមាន់ផ្សេងទៀត ដើម្បីជូនដំណឹងឱ្យមនុស្សដឹងថា វាកំពុងឃ្លានចំណី, មានសេចក្តីសុខ, បារម្ភ ឬស្ថិតក្នុងគ្រោះថ្នាក់ ។ ទិន្នន័យ និងវីដេអូទាំងអស់អាចសរុបលទ្ធផល និងរាយការណ៍មកម្ចាស់ជារៀងរាល់ថ្ងៃ ។ ហេតុនេះ វានឹងជួយឱ្យអ្នកចិញ្ចឹមមាន់អាចវិភាគពីអត្តចរិតមាន់ ដូចជា បញ្ហាក្នុងហ្វូងមាន់ ។ ប្រព័ន្ធនេះក៏មានកន្លែងផ្ទុកទិន្នន័យ, រូបភាព និងសំឡេង រយៈពេល៣០ថ្ងៃទៀតផង ។
ក្រុមការងារបង្កើតទ្រុងមាន់ឆ្លាតវៃបានអភិវឌ្ឍន៍បច្ចេកវិទ្យាជាបន្តបន្ទាប់ ហើយសង្ឃឹមថា វានឹងអាចបង្ហាញ Features ថ្មីៗនៅថ្ងៃអនាគត ។ វានឹងជួយតាមដានបញ្ហាសុខភាពមាន់ដែលវាចូលចិត្តលាក់បាំងជំងឺ ហើយសញ្ញាដែលគេប្រើប្រាស់សម្រាប់បង្ហាញពីជំងឺមាន់នឹងធ្វើឡើងយ៉ាងលម្អិត ។ បច្ចេកវិទ្យានេះនឹងអាចផ្តល់ដំណឹងឱ្យអ្នកចិញ្ចឹមមាន់ជ្រាបពីរោគសញ្ញាផ្សេងៗ ឬការផឹកទឹកថយចុះក្នុងរយៈពេលណាមួយរបស់មាន់មួយចំនួន ៕ ប្រភព ៖ Thai PBS Sci And Tech