ប្រទេសថៃ ៖ សារព័ត៌មានថៃបានចុះផ្សាយថា មានក្រុមក្មេងស្ទាវនៅទីក្រុងប៉ាតាយ៉ាបាននាំគ្នាជិះម៉ូតូនៅតាមផ្លូវ និងកាន់ដំបងដេញវាយភ្ញៀវទេសចរបរទេសដោយគ្មានមូលហេតុ ។ បើតាមកាមេរ៉ាសុវត្ថិភាពបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវមួយកន្លែងនៅក្នុងភូមិទី១០ ឃុំណងព្រឺ ស្រុកបានឡាម៉ុន ខេត្តឈុនបុរី ប្រទេសថៃ ។
អ្នកឃើញហេតុការណ៍នេះរៀបរាប់ថា ហេតុការណ៍ក្មេងស្ទាវវាយភ្ញៀវទេសចរបរទេសតែងកើតឡើងជាប្រចាំ ហើយក្មេងស្ទាវបង្កហេតុ គឺជាក្រុមដដែលៗ ។ ពួកគេបាននាំគ្នាជិះម៉ូតូពី២គ្រឿង ទៅ៣គ្រឿង ហើយអ្នកអង្គុយពីក្រោយនឹងប្រើដំបងសំពងមកលើភ្ញៀវទេសចរបរទេសដែលកំពុងដើរនៅតាមផ្លូវដោយគ្មានមូលហេតុ ឬគ្មានគំនុំពីមុន ។ ក្រោយពីក្រុមក្មេងស្ទាវវាយភ្ញៀវទេសចរបរទេសរួចហើយ ពួកគេក៏គេចខ្លួនបាត់អស់ ។
អ្នកឃើញហេតុការណ៍បន្តថា ចំណែកភ្ញៀវទេសចរបរទេសមិនបានទៅដាក់ពាក្យបណ្តឹងទេ បើទោះជាពួកគេមានរបួសស្នាមនៅលើខ្លួនប្រាណដោយសារការវាយក៏ដោយ ។ ភ្ញៀវទេសចរទាំងនេះគ្រាន់តែនិយាយថា ពួកគេមិនចង់មានបញ្ហានៅប្រទេសថៃ ។
ស្ត្រីឃើញហេតុការណ៍និយាយថា ៖ «ក្រុមក្មេងស្ទាវទាំងនេះនាំគ្នាលួចមកបង្កហេតុ ហើយនៅពេលពួកគេបានវាយតប់ភ្ញៀវទេសចរបរទេសរួចហើយ ពួកគេក៏រត់គេចខ្លួនបាត់តែម្តង ។ ប៉ុន្តែរយៈពេលចាប់ពី២ថ្ងៃ ទៅ២ថ្ងៃក្រោយមក ពួកគេក៏ចាប់ផ្តើមមកបង្កហេតុម្តងទៀត ហើយថ្ងៃខ្លះ ពួកគេបានវាយតប់មកលើភ្ញៀវទេសចរទៀតផង ដោយគ្មានរឿងហេតុអ្វីសោះ ។ ក្រុមក្មេងស្ទាវទាំងនេះមានអាយុចាប់ពី១០ឆ្នាំ រហូតដល់១៨ឆ្នាំ» ។
ចុងក្រោយ ស្ត្រីឃើញហេតុការណ៍នេះចង់ផ្តាំផ្ញើទៅសមត្ថកិច្ចថៃតាមចាប់ក្មេងស្ទាវមួយក្រុមនេះយកទៅអប់រំ ដើម្បីឱ្យពួកគេផ្លាស់ប្តូរនិស្ស័យអាក្រក់ ពីព្រោះនាងបារម្ភថា បើមិនអប់រំពួកគេទេ ភ្ញៀវទេសចរបរទេសនឹងមិនហ៊ានមកដើរលេងនៅតំបន់នេះទៀតទេ ។ ចំណុចសំខាន់ វានឹងប៉ះពាល់ដល់មុខមាត់វិស័យទេសចរណ៍របស់ប្រទេសថៃថែមទៀត ៕ ប្រភព ៖ Mono News










