លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ដែលជាតារាកំប្លែងជើងចាស់ល្បីឈ្មោះប្រចាំប្រទេសត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងបន្ទាប់ពីនិយាយក្នុងន័យរើសអើងភេទទី៣ ព្រោះខ្លាចបាត់បង់ធនធានមនុស្ស។ ក្នុងនោះអ្នកលេងបណ្តាញសង្គមល្បីឈ្មោះ Peypey dy បានលើកឡើងយ៉ាងចាក់ដោតដោយបានលើកឡើងថាភេទទី៣មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ជាងមនុស្សប្រុសមួយចំនួន។ ចំណែកឯលោក តាន់ គឹមសួរ មិនបានរិះគន់តារាកំប្លែង នាយ ក្រឹម ទេថែមទាំងពោលអរគុណទៅវិញដោយសារតែមានហេតុផលនេះ។
ក្នុងអំឡុងពេលផ្សាយបន្តផ្ទាល់ក្នុងនាមជាគណៈកម្មការ កម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent កាលពីយប់ថ្ងៃទី២៨ តុលា លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមរិះគន់មិនសំចៃ ព្រោះក្នុងពេលផ្តល់មូលវិចារ្យទៅកាន់បេក្ខជន ណុប ដាណេ បាននិយាយរើសអើងភេទទី៣ ខ្លាចបាត់បង់ធនធានមនុស្សក្នុងសង្គមដោយសារតែកើនឡើងភេទទី៣ច្រើន។
ការនិយាយបែបនេះធ្វើឱ្យអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងមហាជនទូទៅ អ្នកសិល្បៈច្រើនរូបមិនពេញចិត្តចំពោះពាក្យសម្តីរបស់តារាកំប្លែងល្បីឈ្មោះរូបនេះឡើយដោយបានចេញមុខការពារបេក្ខជន ណុប ដាណេ និងទាមទារសិទ្ធិរបស់ពួកគេនិងទាមទារមិនឱ្យមានការរើសអើងភេទទី៣ឡើយ។
លោក Peypey dy ដែលគេស្គាល់ថាជាបុគ្គលល្បីឈ្មោះលេចមុខច្រើនក្នុងពិភពសិល្បៈ បានលើកឡើងថា «Respect បងឃីមហើយសូមលោកពូ ក្រឹម ក្រឡេកមើលភេទទី៣មួយចំនួនធំ គេមាន business មានការងារល្អ មានចំណូល បង់ពន្ធជូនរដ្ឋដូចគ្នា។ តើធនធានមនុស្សសំដៅតែចំពោះភេទប្រុសនិងភេទស្រី ឬយ៉ាងម៉េច? ក្រែងលោកពូ ធ្លាប់សម្តែងធ្វើជាភេទទី៣ដែរតើ មិនចឹង?»។
ម្ចាស់ហាងហឹរខនណឺ រូបនេះបន្តថា «ភេទទី៣ មួយចំនួន និយាយស្តីបានឆ្លងកាត់ខួរ និងមានសុជីវធម៌ ជាងមនុស្សប្រុសមួយចំនួនផង វាមិនអាស្រ័យលើភេទទេពូ វាអាស្រ័យលើខួរនិងទង្វើរបស់មនុស្ស ពូខ្លាចបាត់បង់ធនធានមនុស្សដោយសារមានភេទទី៣ច្រើនតែខ្ញុំ ខ្លាច មនុស្សនិយាយច្រើនបាត់ខួរ »។
ទន្ទឹមនឹងមានមតិរិះគន់ តារាកំប្លែង នាយក្រឹម ងាកទៅកាន់លោក តាន់ គឹមសួរ បានបញ្ចេញមតិផ្ទុយពីមហាជនមួយចំនួនធំដោយអរគុណតារាកំប្លែងនិងជាគណៈកម្មការរូបនេះសុខចិត្តប្រើវិធីឈឺសាច់ដើម្បីបំផុសឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន។
លោក តាន់ គឹមសួរ បានសរសេរថា «អរគុណពូក្រឹមដែលសុខចិត្តប្រើវិធីឈឺសាច់នេះដើម្បីបំផុសបំផុលឱ្យមានការចាប់អារម្មណ៍ និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន ជាពិសេសឱ្យកម្ពុជាកាន់តែមានការយល់ដឹង អាចទទួលយក និងផ្ដល់តម្លៃទៅលើភេទទី៣»។
លោកបន្តថា « ខ្ញុំអាចយល់បាន ដោយសារនេះគឺជាវិធីឈឺសាច់ដែលខ្ញុំធ្លាប់បានធ្វើកន្លងមកពាក់ព័ន្ធទៅនឹងអក្សរសាស្ត្រខ្មែរ បរិស្ថាន និងគ្រឿងញៀន នេះគឺជាវិធីធ្វើរឿងអវិជ្ជមាន ដើម្បីបង្កើតរឿងវិជ្ជមាន
នេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវយ៉ាងណាកុំប្រកាន់អីបងប្អូន Be positive thinking»៕










