បវរកញ្ញា Nikki de Moura ជា Miss Grand Philippines 2023 បានដាច់ចិត្តទម្លាយអារម្មណ៍របស់ខ្លួនបន្ទាប់ពីរក្សាភាពស្ងប់ស្ងាត់ក្រោយពីបរាជ័យក្នុងកម្មវិធី Miss Grand International 2023 នៅប្រទេសវៀតណាម ដោយមិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង២០ (Top20) នៃការប្រកួតឆ្នាំនេះ។ នាងបានបង្ហាញថា «បេះដូងខ្ញុំឈឺចាប់ដោយការខកចិត្ត»។
Nikki de Moura បាននិយាយនៅក្នុងការបង្ហោះ Instagram កាលពីថ្ងៃទី២៦ តុលា ថា៖ «ខ្ញុំបានយកបេះដូង និងព្រលឹងរបស់ខ្ញុំទៅតំណាងប្រទេសហ្វីលីពីន ហើយបេះដូងខ្ញុំឈឺដោយការខកចិត្ត»។ «ប៉ុន្តែទោះប្រឈមមុខនឹងការឈឺចាប់នេះ ខ្ញុំជ្រើសរើសការដឹងគុណ ជីវិតគឺជាដំណើរដែលពោរពេញទៅដោយការឡើងចុះ»។
Miss Grand Philippines 2023 វ័យ១៩ ឆ្នាំរូបនេះ បាននិយាយថា នាងមានឆន្ទៈក្នុងការធ្វើឱ្យបានច្រើនល្អបំផុតគ្រប់ពេលវេលាដោយបានទទួលស្គាល់ថាប្រហែលជាខ្លួននៅក្មេងខ្ចីនៅឡើយ។ ទោះជាយ៉ាងណា នាងនឹងបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតព្រោះខ្លួនជឿថាការខកចិត្តគ្រាន់តែជាជំហានឈានទៅរកភាពជោគជ័យនាពេលអនាគត។ បទពិសោធន៍ពេលដែលឈឺចាប់គឺគ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលធំជាងនេះ។
បន្ទាប់ពី Nikki de Moura បង្ហាញការឈឺចាប់ដោយការខកចិត្ត និងតាំងចិត្តបន្តឆ្ពោះទៅមុខទៀតអ្នកគាំទ្ររបស់នាងនិងបវរកញ្ញាផ្សេងទៀតជាច្រើនបានចូលរួមលើកទឹកចិត្តនាងក្នុងនោះក៏មានម្ចាស់មកុដ MGI 2023 , បវរកញ្ញាកូឡុំប៊ី លំដាប់រងទី២ MGI , Miss Grand Philippines 2021 រួមទាំងបវរកញ្ញាផ្សេងទៀត។
គួរបញ្ជាក់ថា Miss Grand Philippines 2023 រូបនេះបានកើតនៅប្រទេសប្រេស៊ីល ជាកូនកាត់ប្រេស៊ីល ហ្វីលីពីន ដោយមានឪពុកជាជនជាតិប្រេស៊ីល និងម្តាយជាជនជាតិហ្វីលីពីន។ Nikki បានផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៦ ដើម្បីបន្តអាជីពជាតារាបង្ហាញម៉ូត។ Nikki de Moura បានគ្រងតំណែងជា Miss Grand Philippines 2023 នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣៕










