លោក លៀក លីដា ចាងហា្វងផលិតកម្ម LD និងជាអ្នកដឹកនាំរឿង បានឱ្យដឹងថាហេតុដែលខ្លួនសុខចិត្តចំណាយដើមទុនច្រើនផលិតរឿង «ប្រុសលក់ខ្លួន» ឬ «Rent Boy» មានតួសម្តែងល្បីៗ៤ប្រទេសចូលគ្នា ដោយសារតែការស្រលាញ់វិស័យនេះនិងចង់រត់ឱ្យទាន់ប្រទេសជិតខាងរួមទាំងពង្រីកទីផ្សារឱ្យកាន់តែទូលាយនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនេះ លោក លីដា សង្ឃឹមថាអ្នកគាំទ្រទាំងថ្មីទាំងចាស់ជួយមកគាំទ្ររឿងនេះផងដើម្បីឱ្យបានដើមមកវិញខ្លះ។
ភាពយន្តខ្នាតធំរបស់ផលិតកម្ម LD មានចំណងជើងថា «ប្រុសលក់ខ្លួន» បានចំណាយដើមទុនច្រើនសន្ធឹកសន្ធាប់រហូតម្ចាស់ផលិតកម្មហ៊ានប្រកាសលក់ដីដើម្បីផលិត។ រឿងនេះមានការសហការគ្នាពីតួអង្គសម្តែងល្បីៗនៅក្នុងប្រទេសកម្ពុជាមានដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី លោក ខាត់ វៃហាំង និងលោក ទេព រិនដារ៉ូ ជាដើម។ ចំណែកតួសម្តែងមកពីប្រទេសមីយ៉ាន់ម៉ា គឺជាតារាប្រុសដ៏ល្បី Paing Takhon និងតួថៃវិញគឺជាតារាកំប្លែង Tukky Sudarat ហៅអ្នកគ្រូផេនស៊ី និងលោក Kootee Aramboy និងតួមកពីប្រទេសវៀតណាមគឺជាតារាស្រី Nguyễn Kiều Trinh។
រឿងដែលផលិតកម្ម LD ចំណាយដើមទុនច្រើនមានតួល្បីៗសម្តែងនេះនឹងត្រៀមចាក់បញ្ចាំងក្នុងរោងកុនក្នុងប្រទេសនាថ្ងៃទី៩ ខែវិចិ្ឆកា ខាងមុខនេះ។ ទន្ទឹមនឹងរឿងថ្មីត្រៀមចាក់បញ្ចាំងនៅលើបណ្តាញសង្គមរបស់លោក លៀក លីដា បានឱ្យដឹងថា «ព្រោះតែ ស្រលាញ់វិស័យនេះ ព្រោះតែចង់រត់ឱ្យទាន់ប្រទេសជិតខាង ព្រោះតែចង់ឱ្យបងប្អូនបានសប្បាយខ្ញុំដាក់ទុនច្រើនណាស់ រឿងហ្នឹងជួយគាំទ្រផង បងប្អូនជួយៗទៅដើម្បីឱ្យបានដើមមកវិញខ្លះ ចង់បានរឿងក្នុងស្រុកមានគុណភាពល្អ ទាល់តែអ្នកក្នុងស្រុកគាំទ្រច្រើន ។ ជាមួយគ្នានេះ លោកក៏អំពាវនាវហ្វេនៗ ទាំងចាស់ទាំងថ្មីរបស់ផលិតកម្ម LD រួមទាំងហ្វេនៗរបស់តួសម្តែងទាំងអស់ចូលរួមគាំទ្រទស្សនាទាំងអស់គ្នាទើបទប់ជាប់ការចំណាយបាន។
នេះជាលើកដំបូងហើយដែលគេសង្កេតឃើញថាផលិតករក្នុងស្រុកហ៊ានចំណាយលុយក្រែលផលិតភាពយន្តដែលមានតួអង្គល្បីៗសហការតារាមកពីប្រទេសក្រៅ។ តាមរយៈការបញ្ចេញ trailer រឿងនេះទស្សនិកជនបានបង្ហាញចំណាប់អារម្មណ៍ចូលចិត្តច្រើន ខណៈរឿងនេះនឹងផ្តល់ទស្សនីយភាពថ្មីប្លែកខុសពីរឿងខ្មែរផលិតនាពេលកន្លងមក៕










