ប្រទេសថៃ ៖ វាបានក្លាយជារឿងមួយរងការរិះគន់យ៉ាងខ្លាំងក្លាក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីស្ត្រីម្នាក់បានបង្ហោះរូបភាពរបស់នាងតែងខ្លួនតាមព្រះពុទ្ធ ព្រមទាំងសរសេរថា «យូរៗបានជួបមិត្តភក្តិម្តង ត្រូវតែងខ្លួនឱ្យគេគោរពបន្តិច» ។ អ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់បានចូលមកបញ្ចេញមតិថា វាមិនសមរម្យទេ ដែលនាងស្លៀកពាក់តាមព្រះពុទ្ធបែបនេះ ហើយវាជាការជាន់ឈ្លីព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ ។

រឿងរ៉ាវនេះបានលេចឮដល់ព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ក្នុងខេត្តណុនថាបុរី ប្រទេសថៃ ហើយព្រះអង្គបានមានសង្ឃដីកាដាស់តឿនសតិចំពោះទង្វើនេះថា នាងមិនស្គាល់ទីខ្ពស់ទាប ហើយនាងមិនបានគោរពដល់ព្រះពុទ្ធសាសនា និងមិនខ្លាចបាបកម្ម ។ ដូច្នេះ អ្នករស់នៅក្នុងភូមិ និងមេភូមិគួរតែហាមឃាត់នាងផងថា គួរគោរពនូវអ្វីដែលគួរគោរព ។

ព្រះសង្ឃព្រះនាម Phayom Kanlayano មានសង្ឃដីកាថា ៖ «អាត្មាសុំបិណ្ឌបាតណាញ៉ោម បើទោះជាញ៉ោមរៀបចំពិធីអ្វីក៏ដោយ ញ៉ោមអាចលេងកម្មវិធីផ្សេងទៀតមានច្រើនណាស់ ប៉ុន្តែហេតុអ្វីញ៉ោមត្រូវមកលេងតាមព្រះពុទ្ធរូបទៅវិញ ? ហើយការតែងខ្លួននេះ មិនមែនជាការសម្តែងកុនទេ ប៉ុន្តែវាជាការចូលរួមក្នុងកម្មវិធីផ្សេង ខណៈគ្មានអ្នកភូមិណារិះគន់សោះ» ។

ការតែងខ្លួនតាមព្រះពុទ្ធនេះ គេមិនដឹងថា តើស្ត្រីខាងលើបានតែងខ្លួនបែបនេះទៅចូលរួមក្នុងកម្មវិធីអ្វីទេ ។ ទោះយ៉ាងណា សង្គមថៃមិនអាចទទួលយកនូវទង្វើមិនសមរម្យរបស់នាងឡើយ ។ ចំណែកពលរដ្ឋថៃបានបញ្ចេញមតិក្នុងបណ្តាញសង្គមថា ៖ «ទោះជានាងមិនគោរពសាសនាព្រះពុទ្ធ ក៏នាងពុំគួរធ្វើបែបនេះដែរ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «នាងខ្វះការអប់រំពីក្រុមគ្រួសារតាំងពីតូច ឬមិនបានទទួលការរៀនសូត្រនៅសាលា» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «គ្មានអ្វីទេ ដោយសារនាងចង់ល្បី និងចង់ឱ្យគេចាប់អារម្មណ៍ប៉ុណ្ណោះ» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «តើនេះឬជាជនជាតិថៃ ? សូមគ្រូពេទ្យជួយនាំនាងទៅពិនិត្យខួរក្បាលជាបន្ទាន់» ។

ការប្រព្រឹត្តទង្វើមិនសមរម្យនេះចាត់ទុកថា ល្មើសនឹងច្បាប់ព្រហ្មទណ្ឌប្រទេសថៃ មាត្រា២០៨ ដែលបានចែងថា បុគ្គលណាម្នាក់តែងខ្លួន ឬប្រើប្រាស់គ្រឿងសម្គាល់ដើម្បីបង្ហាញថា ខ្លួនជាព្រះសង្ឃក្នុងសាសនាណាមួយ បុគ្គលនោះនឹងត្រូវមានទោសជាប់ពន្ធនាគារមិនលើសពី១ឆ្នាំ ឬពិន័យជាប្រាក់មិនលើស២ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យ ៕

ប្រភព ៖ Mono News