អង្គការបេះដូងជប៉ុន បានអំពាវនាវសប្បុរសជននានាចូលរួមបរិច្ចាគឬចែករំលែកដំណឹងនេះដើម្បីសង្គ្រោះជីវិតដល់កុមារា ថៃវិទូ ដែលកំពុងកើតជំងឺមហារីកសាច់ដុំដ៏ធំមួយនៅភ្លៅឆ្វេងរបស់គេ។
ប្រភពដដែលបានបញ្ជាក់ថា កុមារារូបនេះមានអាយុ៧ឆ្នាំ ទើបតែចូលរៀនថ្នាក់ទី២ កំពុងទទួលរង នូវជំងឺមហារីកសាច់ដុំ “Rhabdomyosarcoma” ត្រូវបានកាត់ជើងម្ខាងដើម្បីសង្គ្រោះជីវិតគេឱ្យបានទាន់ពេលវេលា។ កុមារា វិទូ និងក្រុមគ្រួសារពិតជាចង់ជៀសវាងការកាត់ជើងម្ខាងនោះ និងចង់ស្វែងរកវិធីផ្សេងទៀតណាស់ដោយក្រុមគ្រូពេទ្យបានព្យាយាមបង្រួមដុំសាច់ដោយការព្យាបាលដោយគីមី។ ទោះបីជា វិទូនៅក្មេងក៏ពិតមែនតែគេបានស៊ូទ្រាំនឹងការព្យាបាលដ៏ឈឺចាប់ និងផលប៉ះពាល់យ៉ាងច្រើនក្រោយពេលប្រើថ្នាំគីមីម្តងៗ តែទោះជាយ៉ាងណាក៏គេនៅតែរួសរាយរាក់ទាក់ និងតែងតែលេង ដូចក្មេងដែលគ្មានជំងឺដូច្នេះដែរ។
អង្គការបេះដូងជប៉ុន បានបន្ថែមថា ជំងឺមហារីកគឺជាជំងឺដ៏កាចសាហាវមួយ។ ចុងក្រោយនៃលទ្ធផលនៃការធ្វើវិភាគដុំសាច់ (CT) បានបង្ហាញថា ការព្យាបាលដោយប្រើគីមីមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីចៀសវាងការកាត់ជើងដែលមានដុំសាច់នោះចេញបានទេ ដោយសារតែ កោសិកាមហារីកនឹងកើនឡើងនិងមានហានិភ័យខ្ពស់អាចបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតថែមទៀតផង។ ឥឡូវនេះការវះកាត់បានបញ្ចប់ ហើយគេនឹងចាប់ផ្តើមការព្យាបាលដើម្បីទប់ស្កាត់ ការាលដាលកោសិកាមហារីកជាបន្តបន្ទាប់ ។
អង្គការបេះដូងជប៉ុន បានបន្តថា កុមាររូបនេះពិតជាត្រូវការជំនួយពីសប្បុរសជន ដើម្បីផ្តល់ការព្យាបាលដល់គេណាស់ឱ្យជៀសផុតពីជំងឺដ៏កាចសាហាវនេះ។ ថវិកាទាំងអស់ដែលរៃអង្គាសបាននឹងយកទៅព្យាបាលដោយឱ្យមានសារសំខាន់ជាទីបំផុត! មិនថាតាមរយៈការបរិច្ចាគ ឬគ្រាន់តែចែករំលែកដំណឹងនេះក៏បានន័យថា អ្នកនឹងបានជួយសង្រ្គោះដល់កុមារដែរ៕










