នៅយប់ចុងក្រោយនៃថ្ងៃភ្ជុំបិណ្ឌ មានករណីឃាតកម្មមួយបានកើតឡើង ដោយបុរសជាសង្សារ បានកាន់កាំបិតចូលកាប់សម្លាប់ ស្ត្រីជាសង្សារ ដល់ផ្ទះ រត់ពេញកាប់ជណ្តើរ បណ្តាលឱ្យហូរឈាមតាមជណ្តើររហូតស្លាប់ រួចជនសង្ស័យគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៧និង ៤២នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១២៩ ផ្លូវE ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមម្ចាស់ផ្ទះ បានឱ្យដឹងថា ជនរងគ្រោះបានមកធ្វើការនៅផ្ទះគាត់ តាំងពីអំឡុងខែមករា ឆ្នាំ២០២៣។ លុះនៅខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះបានឡើងទៅលេងស្រុកកំណើត ហើយនៅពេលត្រឡប់មកវិញបានប្រាប់គាត់ថា ត្រូវបានមិត្តប្រុសជាសង្សារកាប់ក្បាលរបួស៥ថ្នេរ តែបានដោះស្រាយបញ្ចប់រឿងហើយ។
ក្រោយមកទៀតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានទៅលេងស្រុកកំណើត ហើយនៅវេលាម៉ោងប្រហែល៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញ។
លុះដល់វេលាម៉ោងប្រហែល៧និង៣៨នាទី បងស្រីម្ចាស់ផ្ទះ បានដើរឡើងទៅបន្ទប់ ស្រាប់តែលឺសម្លេងជនរងគ្រោះស្រែក ទើបគាត់បើកទ្វារបន្ទប់មកឃើញជនរងគ្រោះត្រូវបានបុរសម្នាក់ ពាក់មួកសុវត្ថិភាព ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី នៅក្នុងដៃមានកាន់កាំបិតបុង័តោ បានកាប់ទៅលើជនរងគ្រោះ ហើយជនរងគ្រោះបានព្យាយាមរត់ឡើងទៅលើ តែត្រូវជនសង្ស័យកាប់ជាច្រើនកាំបិត រួចក៏បានរត់គេចខ្លួនទៅបាត់ ហើយគាត់ក៏បានទៅមើលជនរងគ្រោះឃើញមានឈាមប្រឡាក់ពេញខ្លួន ទើបទូរស័ព្ទទៅប្រាប់ប្តីនិងទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលរថយន្តមកដល់បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់បាត់ទៅហើយ។
ពេលនេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវតាមចាប់ជនសង្ស័យខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕










