ែ ចាន់កេសី បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានភាពរំជួលចិត្តជាខ្លាំងបន្ទាប់ពីទទួលបានមកុដលំដាប់រងទី១ក្នុងកម្មវិធី Mrs. International 2023 Ambassador ពីប្រទេសម៉ាឡេស៊ី អ្នកនាងបានទៅក្រាបសំពះបំពាក់មកុដជូនអ្នកមានគុណដោយបង្ហាញកាយវិការគួរឱ្យសរសើរ។ នេះជាក្តីស្រមៃរបស់តារាម៉ូដែលរូបនេះតាំងពីយូរហើយពេលនេះបានក្លាយជាការពិតសម្រេចជូនអ្នកមានគុណបានឃើញផ្ទាល់ភ្នែក។
នៅយប់ថ្ងៃទី១០ តុលា កែ ចាន់កេសី បានបង្ហោះថា «មានតែពាក្យមួយមាត់ថា អរគុណ ៗៗ និងពាក្យថា សូមខមាទោសរាល់កំហុសនេះគឺ ជាក្តីស្រមៃមួយដែលកូនធ្លាប់ស្រមៃ ឥលូវ ម៉ែបានឃើញហើយ តែស្តាយពុក មិននៅ តែសង្ឃឹមពុកបានឃើញដែរចុះ។ សំរាប់អ្នកដែល មិនធ្លាប់ស្រមៃ គឺអារម្មណ៍ខុសគ្នា»។
ក្នុងរូបភាព និងវីដេអូ ដែលតារាម៉ូដែលសប្បុរស្រអែមរូបនេះបានបង្ហាញកាយវិការដ៏គួរឱ្យកោតសរសើរដោយបានក្រាបសំពះនិងបំពាក់មកុដដែលទទួលបានពីកម្មវិធីប្រកួតជូនអ្នកម្តាយដោយអារម្មណ៍រំភើបចិត្តទោះបីជាស្ថិតក្នុងគេហដ្ឋានមិនធំខ្ពង់ខ្ពស់ប្រណីតដូចបវរកញ្ញាផ្សេងទៀតតែពោរពេញដោយសុភមង្គល។
គួរបញ្ជាក់ថាបន្ថែមពីជាប់លំដាប់រងទី១ អ្នកនាង កែ ចាន់កេសី ក៏ទទួលបានពានរង្វាន់ PHOTOGENIC ខណៈម្ចាស់ជ័យលាភីឯកបានទៅលើប្រទេសហ្វីលីពីន។ កែ ចាន់កេសី គឺជាម្ចាស់ជ័យលាភីលេខ២ ក្នុងការប្រកួតកម្មវិធី «Cambodia Next Top Model » រដូវកាលទី១ ដែលបច្ចុប្បន្នអ្នកនាងគឺជាតារាម៉ូដែលនិងជាគ្រូបង្វឹកដើរម៉ូតផងដែរ ខណៈនេះជាលើកទី១សម្រាប់ កេសី ក្នុងការចូលរួមប្រកួតសម្រស់អន្តរជាតិនេះ៕













