ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់ក្រសួងការងារ ជនពិការ និងសុខុមាលភាពសង្គមវៀតណាមបង្ហាញថា ប្រទេសវៀតណាមមានចំនួនពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស រហូតដល់១១១.៥០៧នាក់ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ។ ចំនួននេះ គឺកើនលើសគោលដៅដែលស្មើចំនួន១១ម៉ឺននាក់នៅឆ្នាំ២០២៣ និងកើនឡើង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។
ប្រទេសជប៉ុន និងតៃវ៉ាន់បានក្លាយជាទីផ្សារធំបំផុតសម្រាប់ពលករវៀតណាម ដោយជប៉ុនបានទទួលពលករវៀតណាមចំនួន៥៥.៦៩០នាក់ បន្ទាប់មក តៃវ៉ាន់ទទួលពលករវៀតណាមចំនួន៤៦.១៦៦នាក់ ។ ចំណែកប្រទេសកូរ៉េខាងត្បូងបានទទួលពលករវៀតណាមចំនួន២.៤៤៩នាក់, ចិន ១.៣៦១នាក់, ហុងគ្រី ១.១៤៨នាក់ និងសិង្ហបុរី ១.០១៥នាក់ ។
បច្ចុប្បន្ន វៀតណាមបានជាប់លំដាប់លេខ១ ក្នុងចំណោម១៥ប្រទេស ដែលបានបញ្ជូនពលករទៅធ្វើការនៅតំបន់អាស៊ីខាងកើតច្រើនបំផុត ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានពលករវៀតណាមរហូតដល់៣៤ម៉ឺន៥ពាន់នាក់បានទៅធ្វើការនៅជប៉ុន ។
ក្រសួងការងារវៀតណាមឱ្យដឹងថា នេះមកពីគម្រោងសហការរវាងប្រទេសវៀតណាម និងជប៉ុនជាច្រើនគម្រោង ។ ប្រទេសទាំងពីរបានធ្វើការរួមគ្នាដើម្បីជំរុញគម្រោងជួយពលករវៀតណាមឱ្យមានការងារសមរម្យនៅប្រទេសជប៉ុន ។ លើសពីនេះ ការទទួលបានព័ត៌មានការងារក្រោយពីពួកគេត្រឡប់មកផ្ទះវិញ ក៏ជួយឱ្យក្រុមហ៊ុនអាជីវកម្មអាចស្វែងរកពលករដើម្បីបំពេញមុខតំណែងទំនេរផងដែរ ។
ទោះយ៉ាងណា ដើម្បីការពារផលប្រយោជន៍របស់ពលករវៀតណាមនៅប្រទេសជប៉ុន ក្រសួងការងារវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយខេត្តផ្សេងៗ ដូចជា Chiba, Saitama, Gunma, Kanagawa និង Nagano ។
ក្រៅពីនេះ វៀតណាមបានស្វែងរកទីផ្សារការងារថ្មីៗសម្រាប់ពលករវៀតណាមផងដែរ ជាពិសេស ប្រទេសនៅតំបន់អឺរ៉ុប ដូចជា ហុងគ្រី, ប៉ូឡូញ, ស្លូវ៉ាគី និងក្រូអាស៊ី ។ កាលពីខែសីហា ឆ្នាំ២០២៣ ក្រសួងការងារវៀតណាម និង Greek Union of Agricultural Cooperatives បានពិភាក្សាគ្នា ដើម្បីសហការបញ្ជូនពលករវៀតណាមទៅធ្វើការផ្នែកកសិកម្មនៅក្រៅប្រទេស ។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦ បានអនុញ្ញាតឱ្យបញ្ជូនពលករវៀតណាមទៅប្រទេសក្រិករួចហើយ ៕ ប្រភព ៖ AEC connect










