យោងតាមសារព័ត៌មានThe Value ក្នុងសម័យប្រជុំឧទ្ទិសដល់ស្នាដៃរបស់ Chang Dai-chien ដែលរៀបចំដោយ Sotheby’s Hong Kong កាលពីថ្ងៃទី ៨ ខែតុលា កន្លងទៅផ្ទាំងគំនូរ Ha Son Phi Thuy បានឡើងដល់តម្លៃខ្ពស់បំផុត។ គំនូរចម្រុះពណ៌ស្នាដៃរបស់វិចិត្រករជនជាតិចិនរូបនេះត្រូវបានដាក់ឱ្យដេញថ្លៃក្នុងតម្លៃ ១១ លានដុល្លារ។ ក្នុងការដេញថ្លៃលើកនេះផ្ទាំងគំនូរចំនួន២០១ ត្រូវបានលក់ដោយជោគជ័យក្នុងតម្លៃសរុប ៣៨.៣ លានដុល្លារ។
គំនូរ Ha Son Phi Thuy ត្រូវបានគូរឡើងនៅឆ្នាំ ១៩៦៨ នៅពេលដែលវិចិត្រកររស់នៅក្នុងប្រទេសប្រេស៊ីល ដោយបានពិសោធជាមួយនឹងប្រភេទនៃការចាក់ពណ៌លើក្រដាស។ ការងារនេះត្រូវបានបិទភ្ជាប់នៅលើស៊ុមឈើជាមួយនឹងប្រធានបទនៃភាពរឹងមាំនៃភ្នំនៅរដូវក្តៅ។ វិចិត្រកររូបនេះបង្ហាញពីជួរថ្មពណ៌បៃតង និងខៀវដែលមិនចេះចប់ ហើយអ័ព្ទគ្របដណ្ដប់លើប្រាសាទ ស្ពាន និងទឹកហូរ។ ផ្ទាំងគំនូរនេះមានរចនាបថភ្នំអរូបី បង្ហាញពីអាថ៌កំបាំងបូព៌ា។
វិចិត្រករ Chang Dai-chien មានជំនាញខាងគូររូបសត្វនិងភ្នំ ទឹក និងផ្កា ព្រមទាំងបានបន្សល់ទុកនូវស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ព្រោះជារៀងរាល់ឆ្នាំគាត់បានបង្កើតគំនូរប្រមាណ៥០០ផ្ទាំង។ ទោះបីជាគាត់រស់នៅក្រៅប្រទេសក៏ដោយ ប៉ុន្តែលោក Chang Dai-chien តែងតែនិយាយថាស្នាដៃរបស់ខ្លួនមានប្រភពចេញពីសិល្បៈប្រពៃណីនៅស្រុកកំណើត។
ចាប់ពីទសវត្សរ៍ឆ្នាំ ១៩២០ រហូតមកដល់បច្ចុប្បន្ន ស្នាដៃរបស់វិចិត្រ Chang Dai-chien ត្រូវបានស្វែងរកកាន់តែខ្លាំងឡើង។ យោងតាមស្ថិតិរបស់ Artprice (បារាំង) ក្នុងឆ្នាំ២០១៦ តម្លៃសរុបនៃស្នាដៃដេញថ្លៃរបស់វិចិត្រករ Chang Dai-chien ឈានដល់ ៣៥០ លានដុល្លារដែលខ្ពស់ជាងគំនូររបស់លោក Picasso ក្នុងឆ្នាំនោះ។ ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៩ ស្នាដៃលក់របស់វិចិត្រករ Chang Dai-chien ឈានដល់តម្លៃសរុបជាង ២.៦ ពាន់លានដុល្លារអាម៉េរិក។
វិចិត្រករ Chang Dai-chien កើតនៅឆ្នាំ ១៨៩៩ នៅខេត្ត Sichuan នៅចុងរាជវង្ស Qing ។ កាលនៅក្មេងគាត់បានរៀនគូររូបពីម្តាយ និងបងប្រុសរបស់គាត់ដែលជាវិចិត្រករដែលមានជំនាញគូររូបខ្លា។ កាលនៅក្មេង វិចិត្រកររូបនេះបានទៅសិក្សានៅប្រទេសជប៉ុន បន្ទាប់មកបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន។ លោក Chang Dai-chien ត្រូវបានគេហៅថាជាវិចិត្រករនៃការធ្វើដំណើរ ដោយហេតុផលជាច្រើនក្នុងពាក់កណ្តាលជីវិតចុងក្រោយរបស់គាត់ គាត់មិនបានត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនទេ។ វិចិត្រកររូបនេះរស់នៅក្នុងប្រទេស និងដែនដីជាច្រើនដូចជា អាហ្សង់ទីន ប្រេស៊ីល អាម៉េរិក បារាំង និងតៃវ៉ាន់៕










