ប្រទេសឡាវ ៖ ធនាគារកណ្តាលប្រទេសឡាវ និងក្រុមហ៊ុន SORAMITSU ដែលប្រកបអាជីវកម្មផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានទទួលជោគជ័យក្នុងការសាកល្បងប្រើប្រាស់ប្រាក់គីបឌីជីថល ។ វាជាគំរូដើមនៃរូបិយប័ណ្ណឌីជីថលដើម្បីបង្កើនការគ្របដណ្តប់ផ្នែកហិរញ្ញវត្ថុក្នុងចំណោមពលរដ្ឋ ដែលមិនទាន់មានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុនៅប្រទេសឡាវ ។
នៅឆ្នាំ២០២០ ក្រុមហ៊ុន SORAMITSU បានទទួលជោគជ័យលើការសហការជាមួយធនាគារជាតិនៃប្រទេសកម្ពុជា ដោយការចេញរូបិយប័ណ្ណឌីជីថលដំបូងគេរបស់កម្ពុជា ហៅថា «Bakong» ។ បើគិតចាប់ពីការដាក់ឱ្យដំណើរការកម្មវិធីនេះនៅកម្ពុជាមក មានអ្នកប្រើប្រាស់ Bakong ប្រមាណ៨លាន៥សែននាក់ និងមានបរិមាណប្រតិបត្តិការប្រមាណ១ម៉ឺន៥ពាន់លានដុល្លារអាមេរិក ។ ការប្រើប្រាស់បច្ចេកវិទ្យានេះបានធ្វើឱ្យពលរដ្ឋខ្មែរងាកមកទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗតាមរយៈការស្កេន QR Code ទាំងនៅកម្ពុជា និងនៅប្រទេសក្នុងតំបន់អាស៊ានផងដែរ ។
ពលរដ្ឋឡាវប្រមាណ៧០% នៃចំនួនពលរដ្ឋឡាវសរុបជាង៧លាននាក់ គឺគ្មានធនាគារទេ ហើយពួកគេនៅតែចាយវាយក្រដាសប្រាក់សម្រាប់ទិញទំនិញ និងសេវាកម្មផ្សេងៗ ។ ហេតុនេះ នៅពេលប្រទេសឡាវសាកល្បងប្រើប្រាស់ប្រាក់គីបឌីជីថលនឹងជួយឱ្យពលរដ្ឋអាចទូទាត់ប្រាក់ ឬផ្ទេរប្រាក់តាមរយៈការស្កេន QR Code បាន មិនថាពួកគេមានបញ្ជីធនាគារឬក៏អត់ ។ លើសពីនេះ វានឹងជួយកាត់បន្ថយការចំណាយលើការផ្ទេរប្រាក់ពីក្រៅប្រទេសទៀតផង ។ ដូច្នេះ ការផ្ទេរប្រាក់ផ្សេងៗស្មើប្រមាណ២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឡាវនៅឆ្នាំ២០២១ ឬស្មើប្រមាណ៤៣៥លានដុល្លារអាមេរិក ដែលបានធ្វើឱ្យការផ្ទេរប្រាក់ក្លាយជាប្រភពចំណូលសំខាន់សម្រាប់សេដ្ឋកិច្ចឡាវ ។
ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាកត្តាជំរុញឱ្យប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ឈានមកកាន់សង្គមឌីជីថល និងធ្វើឱ្យ E-commerce ព្រមទាំងសេវាកម្មផ្នែកហិរញ្ញវត្ថុផ្សេងៗរីកចម្រើនយ៉ាងឆាប់រហ័ស ។ ទោះយ៉ាងណា ប្រទេសឡាវមិនអាចប្រើប្រាស់ប្រយោជន៍ពីបច្ចេកវិទ្យាពេញលេញទេ ដោយសារខ្វះខាតការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ។
នៅឆ្នាំ២០២០ តាមរបាយការណ៍របស់មជ្ឈមណ្ឌលការសិក្សាយុទ្ធសាស្ត្របញ្ជាក់ថា មានពលរដ្ឋឡាវត្រឹមតែ៤៣% ប៉ុណ្ណោះ ដែលអាចប្រើប្រាស់អ៊ីនធើរណេតបាន ។ ក្រៅពីនេះ ពលរដ្ឋឡាវជាច្រើននាក់គ្មានសមត្ថភាពប្រាក់ថ្លៃសេវាអ៊ីនធើរណេតមានតម្លៃខ្ពស់ទេ ។ សេវាអ៊ីនធើរណេតនៅឡាវមានតម្លៃជាមធ្យមប្រមាណ៥៣ដុល្លារអាមេរិកក្នុង១ខែ ខណៈសេវាអ៊ីនធើរណេតនៅកម្ពុជាមានតម្លៃជាមធ្យមប្រមាណ៣៣ដុល្លារអាមេរិកក្នុង១ខែ ។
ប្រសិនបើប្រទេសឡាវអាចតភ្ជាប់បណ្តាញឌីជីថលជាមួយប្រទេសចិន, កម្ពុជា និងប្រទេសផ្សេងៗនៅក្នុងតំបន់ វានឹងជួយបង្កើនការទូទាត់ថ្លៃទំនិញឆ្លងកាត់ព្រំដែន និងអភិវឌ្ឍន៍ពាណិជ្ជកម្ម ។ ចំណែកប្រទេសវៀតណាម និងហ្វីលីពីន ក៏កំពុងសិក្សាពីលទ្ធភាពនៃការប្រើប្រាស់ប្រាក់ឌីជីថលរបស់ធនាគារកណ្តាលដូចគ្នាដែរ ៕ ប្រភព ៖ AEC connect










