កូរ៉េខាងត្បូង៖ លោក Yang Hyun Suk អតីតនាយកប្រតិបត្តិរបស់ផលិកម្ម YG Entertainment ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទពាក់ព័ន្ធក្នុងសំណុំរឿងគ្រឿងញៀនរបស់ B.I សមាជិកក្រុម IKON។
កាលពីឆ្នាំ ២០២១ B.I ដែលជាសមាជិកក្រុម IKON ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ និងផាកពិន័យប្រាក់ចំនួន ១.៥ លានវ៉ុន (ជាង ១,១០០ ដុល្លារអាមេរិក) ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
យោងតាមប្រភពព័ត៌មាន Allkpop ដែលបានរាយការណ៍កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ថា លោក Yang Hyun Suk និងអតីតអ្នកចាត់ការ Kim របស់លោកត្រូវបានកាត់ទោសជាលើកទីប្រាំហើយបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកនិងព្យាយាមលាក់បាំងឧក្រិដ្ឋកម្មរបស់ B.I រួមទាំងគម្រាមគំហែងអ្នកសារព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន។
កន្លងមក មេធាវីការពារក្តីរបស់លោក Yang Hyun Suk បានបដិសេធយ៉ាងខ្ជាប់ខ្ជួននូវការអះអាងដែលថាកូនក្តីរបស់ពួកគេមិនជាប់ពាក់ព័ន្ធក្នុងការជ្រៀតជ្រែក ឬការពារឧក្រិដ្ឋកម្មប្រើប្រាស់គ្រឿងញៀនឡើយ។ បន្ទាប់មក តុលាការក៏បានសម្រេចថាមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោតប្រកាន់ ឬត្រូវបានផ្តន្ទាទោសពួកគេនោះទេ។
នៅចុងបញ្ចប់នៃការកាត់ក្តីលើកទីបួន អ្នកសារព័ត៌មានបានបំភ្លឺថា ពួកគេគ្រាន់តែចង់ឱ្យលោក Yang Hyun Suk សុំទោសជាសាធារណៈប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រះរាជអាជ្ញាបានស្នើសុំឱ្យតុលាការឧទ្ធរណ៍កាត់ទោសទៅតាមច្បាប់ ដោយសម្រេចឱ្យលោក Yang Hyun Suk ជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងអ្នកគ្រប់គ្រង Kim ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំ៕










