តារាចម្រៀង ពេជ្រ សោភា ជាគ្រូបង្វឹកម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣បង្ហោះលើបណ្តាញសង្គមទិកតុកដោយដឹងថាកូនក្រុមរបស់ខ្លួន លឹម សេរីហាន់នីកា មិនមែនជាម្ចាស់ពានឡើយ ប៉ុន្តែដឹងច្បាស់ថាកូនក្រុមខ្លួនយកបេះដូងមហាជនបានច្រើន។
នាថ្ងៃអាទិត្យសប្តាហ៍នេះត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣ នឹងរកឃើញម្ចាស់ពានសម្រាប់រដូវកាលថ្មីហើយ ខណៈគ្រូបង្វឹក ពេជ្រ សោភា បាននិយាយថា លឹម សេរីហាន់នីកា មិនមែនជាអ្នកកាន់ពានឡើយ។
តារាចម្រៀង ពេជ្រ សោភា បង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះដោយភ្ជាប់ជាមួយរូបភាពកូនក្រុមខ្លួនគឺ លឹម សេរីហាន់នីកា ព្រមទាំងសរសេរថា «ខ្ញុំដឹងថាគាត់មិនមែនជាអ្នកកាន់ពានទេ តែខ្ញុំដឹងច្បាស់ណាស់គាត់យកបេះដូងមហាជនបានច្រើនហើយ»។
លឹម សេរីហាន់នីកា គឺជាបេក្ខភាព៤នាក់ចុងក្រោយរួមជាមួយបេក្ខភាព គឹម សុវណ្ណ កូនក្រុមឱក សុគន្ធកញ្ញា, សាល បាទី កូនក្រុម ឆន សុណ្ណារាជ និង សួន សុវណ្ណចន្នី កូនក្រុម ណុប បាយ៉ារិទ្ធ ត្រូវប្រកួតក្នុងវគ្គផ្តាច់ព័្រត្រដើម្បីដណ្តើមពាន។
នីកា ជាបេក្ខនារីក្មេងជាងគេនៅក្នុងការប្រកួតមានអាយុ១៦ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ធំហើយក៏ជាបេក្ខនារីតែម្នាក់គត់ដែលទទួលបានត្រឹម១កៅអីប៉ុណ្ណោះក្នុងវគ្គ Blind Audition ដែលឈានមកដល់វគ្គចុងក្រោយនៃកម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះ បេក្ខនារីរូបនេះមានវាសនាខ្ពស់ចូលក្នុងតារាងអន្តរជាតិ Best The Voice ពីរសប្តាហ៍ជាប់គ្នា នាំឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង៕











