មតិមហាជនកាន់តែខ្លាំងក្លានៅលើបណ្តាញសង្គមខណៈកំពុងចាំរង់អ៊ុតមើលចំណាត់ការជាថ្មីរបស់ក្រសួងនឹងចាត់វិធានការយ៉ាងដូចម្តេចចំពោះការសាងសង់ប្រាសាទថ្ម «សីហនគរ»នៅប្រទេសថៃក្រោយពីលេចរូបរាងកាន់តែច្បាស់ប្លង់ស្ថាបត្យកម្មដូចទៅនឹងប្រាសាទអង្គរវត្ត។ រឿងនេះបានជំរុញឱ្យម្ចាស់ពាន លីម តិចម៉េង មិនអាចនៅស្ងៀមបង្ហាញពីទំហំចិត្ត ឈឺចាប់ដែលអាចក្លាយជាជំងឺរ៉ាំរ៉ៃក្នុងចិត្តលោកមិនខានព្រោះតែឃើញគេធ្វើសកម្មភាពដាក់កម្ពុជាបែបនេះ។
ម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកញ្ញា លីម តិចម៉េង តារាចម្រៀងប្រចំផលិតកម្មហង្សមាសនិងជាម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានរៀបរាប់យ៉ាងដូច្នេះថា «យូរណាស់ហើយមិនដែលចេះ share អ្វីទេ តែបើនេះជារឿងពិតនោះការឈឺចាប់គឺប្រាកដជាក្លាយជាជំងឺរ៉ាំរ៉ៃក្នុងចិត្តខ្ញុំ ពិសេសកូនខ្មែរគ្រប់រូប គ្រប់ជំនាន់ ដោយសារតែអាហារ ៣ ពេលលក់ឧត្តមគតិបែបនេះ»។
សូមបញ្ជាក់ថារឿងនេះបានចាប់ផ្តើមផ្ទុះដំបូងនៅឆ្នាំ២០២១ ដែលមានមតិប្រតិកម្មយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជាបន្ទាប់ពីឃើញប្រទេសថៃសាងសង់ប្រាសាទថ្មដូចប្រាសាទអង្គរវត្តព្រមទាំងស្នើឱ្យភាគីថៃបញ្ឈប់ការសាងសង់ ប៉ុន្តែព្រះចៅអធិការវត្តនេះបានបដិសេធថាមិនបានចម្លងតាមប្រាសាទអង្គរវត្តនោះទេ។ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីរឿងហេតុបានផ្ទះឡើងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការជូនសាធារណជនដែលមានដូចជា៖
១, សំណង់ប្រាសាទនេះ ជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀតមានភាពចម្រុះគ្នា ជា ទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងបួឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃប្រទេសថៃ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដែកពីខាងក្នុង។
២, តាមរយៈការបំភ្លឺ និងបង្ហាញឯកសារ ប្លង់ សំណង់នានា ព្រះចៅអធិការវត្តបានបញ្ជាក់ថាការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
៣, តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទក៏ស្វាគមន៍ក្នុងការទទួលស្នើឱ្យមន្ត្រីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមានការមន្ទិលសង្ស័យ។
ទោះបីជាកន្លងមក ភាគីថៃបានសហការគ្នាចុះត្រួតពិនិត្យយ៉ាងនេះក៏ដោយ ប៉ុន្តែនៅខែកញ្ញា ឆ្នាំ២០២៣ ប្រាសាទថ្មនេះកាន់តែលេចរូបរាងដូចប្លង់ស្ថាបត្យកម្មប្រាសាទអង្គរវត្តដែលមិនអាចប្រកែកបានប្រសិនជាដាក់រូបទន្ទឹមគ្នា។ បញ្ហានេះបានធ្វើឱ្យមតិមហាជនផ្ទុះឡើងម្តងទៀត ព្រមទាំងរង់ចាំមើលចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃនឹងធ្វើយ៉ាងដូចម្តេចបន្តទៀត?៕















