រដ្ឋធានីកៀវ៖ សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងអ៊ុយក្រែន ដែលជាប្រទេសជិតខាង និង ធ្លាប់រួមរស់នៅជាមួយគ្នា នានាសម័យសហភាពសូវៀត ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បានធ្វើឲ្យសហរដ្ឋអាមរិក និង សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ទាំងនៅតំបន់អឺរ៉ុប និង អាស៊ី ខាតបង់លុយរួចមកហើយ សរុបប្រហែលជាង២២០ពាន់លានដុល្លារ ហើយអាចនឹងអស់លុយបន្ដទៅទៀត។
សារព័ត៌មានរបស់អង់គ្លេស Daily Mail បានចេញផ្សាយ កាលពីពេលថ្មីៗនេះ ថា សហរដ្ឋអាមេរិក បានចេញមុខយ៉ាងខ្លាំង នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ ប្រឆាំងនឹងក្រុងកៀវ ហើយក្រុងវ៉ាស៊ីនតោន បានដើរអូសទាញសម្ពន្ធមិត្តរបស់ខ្លួន ឲ្យមកជួយគាំទ្រដល់អ៊ុយក្រែន ទាំងជំនួយមនុស្សធម៌ និង យោធា សម្រាប់លើកទឹកចិត្តដល់កងទ័ពការពារទឹកដីរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់កម្លាំងទាហានរុស្ស៊ី។
បច្ចុប្បន្ន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន កំពុងតែពុះពារនឹងការលំបាកយ៉ាងខ្លាំង សម្រាប់បញ្ចុះបញ្ចូលដល់ប្រទេសជិតខាង និង សម្ពន្ធមិត្តលោកខាងលិច ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាលរបស់គាត់ ខណៈសង្គ្រាមកំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង។
ជាមួយគ្នានេះ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាំមេរិក កំពុងតែប្រឈមមុខនឹងសំណើកញ្ចប់ជំនួយយោធាថ្មី សម្រាប់ប្រទេសអ៊ុយក្រែន មានទំហំទឹកប្រាក់ ២៤ពាន់លានដុល្លារបន្ថែមទៀត។ បញ្ហានេះ កំពុងតែក្លាយជាប្រធានបទ ជជែកវែកញែកយ៉ាងក្តៅគគុក នៅក្នុងសភារបស់សហរដ្ឋអាមេរិក។ ស្របគ្នានេះដែរ សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ កំពុងតែលើកឡើង អំពីថវិកាគួរតែចំណាយ លើការបង្កើនដល់បញ្ហាសន្តិសុខ នៅតាមព្រំដែនរបស់សហរដ្ឋអាមេរិកល្អជាង ខណៈមានក្តីបារម្ភ អំពីអំពើពុករលួយ នៅក្នុងប្រទេសអ៊ុយក្រែន។
ក្រុមមន្រ្ដីជំនាញជាច្រើន មកពីអង្គការសហប្រជាជាតិ ក៏ដូចជា ធនាគារពិភពលោក និង មន្រ្ដីជំនាញរបស់អ៊ុយក្រែន ធ្លាប់លើកឡើង កាលពីចុងឆ្នាំ២០២២ ថា សង្គ្រាមរបស់រុស្ស៊ី បានបង្កបំផ្លិចបំផ្លាញដល់ប្រទេសអ៊ុយក្រែន គិតជាទឹកប្រាក់ មានទំហំជាង៤០០ពាន់លានដុល្លារ ខណៈសង្គ្រាមកំពុងតែបន្ដឆាបឆេះយ៉ាងខ្លាំង រកពន្លឺចរចាសន្ដិភាព មិនទាន់ឃើញ។
ដោយឡែក បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ជាអ្នកជួយផ្គត់ផ្គង់គ្រឿងសព្វាវុធ និង ជំនួយមនុស្សធម៌ គាំទ្រដល់អ៊ុយក្រែន គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖
១-សហភាពអឺរ៉ុប បានផ្ដល់ជំនួយ ចំនួន៨៤,៨ពាន់លានដុល្លារអាមេរិក
២-សហរដ្ឋអាមេរិក ចំនួន ៦៩,៥ ពាន់លានដុល្លារ
៣-អាល្លឺម៉ង់៖ ២០,៩ ពាន់លានដុល្លារ
៤-ចក្រភពអង់គ្លេស ចំនួន ១៣,៨ ពាន់លានដុល្លារ
៥-ន័រវែស ចំនួន ៧,៤ ពាន់លានដុល្លារ
៦-ជប៉ុន ចំនួន ៦,៥ ពាន់លានដុល្លារ
៧-កាណាដា ចំនួន ៥,៤ ពាន់លានដុល្លារ
៨-ប៉ូឡូញ ចំនួន ៤,៣ ពាន់លានដុល្លារ
៩-ហូល្លង់ដ៍ ចំនួន ៤,១ ពាន់លានដុល្លារ
១០-ដាណឺម៉ាក ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក៕










