ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសចុះផ្សាយថា បុរសម៉ាឡេស៊ីម្នាក់បានសន្សំកាក់ទុកក្នុងធុងទឹកអស់រយៈពេល៧ឆ្នាំ រហូតដល់រូបគេអាចប្រមូលកាក់ទាំងនេះទិញទូរស័ព្ទ iPhone 14 បាន ។ បុរសរូបនេះឈ្មោះ ម៉ូហាម៉ាត ហាហ្វីត អាប់ឌុល (Mohammad Hafiz Abdul) អាយុ៣០ឆ្នាំ បានបង្ហោះវីដេអូមួយក្នុងអំឡុងពេលខ្លួនយកកាក់ ដែលញាត់ណែនចេញពីក្នុងធុងទឹកទំហំ១៩លីត្រ ។

បណ្តាសមាជិកគ្រួសារបានជួយគ្នាយកកាក់ទាំងអស់មករាប់ ហើយពួកគេពិបាកចាក់កាក់ចេញពីធុងទឹក ដោយសារតែវាមានចំនួនច្រើនខ្លាំងពេក ។ ហេតុនេះ សមាជិកគ្រួសារម្នាក់បានប្រើរណាដើម្បីយកកាក់ចេញមក ហើយក៏ចាប់ផ្តើមរាប់កាក់ទាំងនេះ ។ ចំនួនកាក់ទាំងអស់ គឺស្មើទឹកប្រាក់ប្រមាណជាង១.០០០ដុល្លារអាមេរិក ហើយក្រោយមក លោក ម៉ូហាម៉ាត បានយកប្រាក់នេះទៅទិញទូរស័ព្ទ iPhone 14 ។Apple iPhone 14 Pro Review - Forbes Vetted

លោក ម៉ូហាម៉ាត ជាប្រធានបុគ្គលិកផ្នែកអនាម័យក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉េណាង បាននិយាយមកកាន់សារព័ត៌មានម៉ាឡេស៊ីថា លោកចាប់ផ្តើមសន្សំវាតាំងពីឆ្នាំ២០១៦ មកម៉្លេះ ។ ពេលដំបូង លោកគិតថា នឹងតាំងចិត្តសន្សំកាក់សម្រាប់ប្រាក់ខែដំបូង ហើយមិនគិតថា រយៈពេលកន្លងផុតទៅជាច្រើនឆ្នាំ លោកអាចសន្សំវាបានច្រើនបែបនេះ ។

លោក ម៉ូហាម៉ាត បានយកកាក់ទាំងអស់ទៅប្តូរជាក្រដាសប្រាក់ជាមួយមិត្តភក្តិ និងសាច់ញាតិ ព្រមទាំងយកវាទៅប្តូរជាមួយធនាគារចំនួន៦ទៀត ដើម្បីយកប្រាក់ទៅទិញទូរស័ព្ទដៃ ។ លោកនិយាយថា ខ្លួនលោកផ្ទាល់ក៏សប្បាយចិត្តដែរ ដែលអាចសន្សំប្រាក់ និងក្លាយជាម្ចាស់ទូរស័ព្ទ iPhone 14 ៕ ប្រភព ៖ Mono News