រដ្ឋបាលខេត្តនាថ្ងៃទី២២ ខែកញ្ញា បានជូនដំណឹងថា ខេត្តសៀមរាបនឹងមានការរៀបចំពិព័រណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ ប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ និងពិធីអបអរសាទរ “ទិវាពិភពលោកស្អាតលើកទី៦” (The 6 World Cleanup Day) ដែលមានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣។
លិខិតដដែលបានបញ្ជាក់ពីកម្មវិធីមានដូចជា៖
១.ពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» និងផលិតផលផ្សេងៗទៀត ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្ត សៀមរាប។
២.ចំពោះការរៀបចំពិធី“ទិវាពិភពលោកស្អាតលើកទី៦”(The 6th World Cleanup Day) នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧៖៣០នាទីព្រឹកនៅសួនព្រះរាជដំណាក់ និងនៅតាមបណ្ដាសង្កាត់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
៣.ប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៣០នាទី នៅសួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមាន ក្បួនដង្ហែចេញពីចំណុចសួនព្រះរាជដំណាក់បត់ចូលតាមផ្លូវមុខមហាសណ្ឋាគារអង្គរ ឆ្ពោះទៅផ្លូវស៊ីវុត្ថា តាមបណ្ដោយផ្លូវអាចារ្យស្វា និងបត់ចូលសួនព្រះរាជដំណាក់វិញ។
គូសបញ្ជាក់ថា ការរៀបចំនេះធ្វើឡើងដោយរដ្ឋបាលខេត្តសៀមរាបសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រដ្ឋបាលក្រុងសៀមរាប មន្ទីរទេសចរណ៍ខេត្ត សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប មន្ទីរ-អង្គភាព ប្រតិបត្តិករវិស័យទេសចរណ៍ខេត្តសៀមរាប និងវិស័យឯកជន៕











