បន្ទាប់ពីធ្លាក់ចេញពីកម្មវិធីបេក្ខជន ឃុន វិថេត ត្រូវមហាជនពោលស្តាយសឹងតែគ្រប់គ្នារហូតមានការដាក់បន្ទុកទៅលើគ្រូបង្វឹកឱក សុគន្ធកញ្ញា ថាមានភាពលំអៀងនិងអ្នកខ្លះថាកម្មវិធីមានខ្សែជាដើម។ សន្ធឹកសំឡេងអ្នកគាំទ្រ ឃុន វិថេត កាន់តែខ្លាំងធ្វើឱ្យបេក្ខជនរូបនេះចេញវីដេអូលើកដៃសុំចិត្តមហាជនកុំបន្ទោសទៅលើអ្នកនាង សុគន្ធកញ្ញា និងបញ្ជាក់ថាកម្មវិធីគ្មានខ្សែនោះទេ ពេលប្រលងលោកតែងបង្កកំហុសតិចតួចតែសម្រាប់ សុខ សារ៉ាវីតា មិនដែលបង្កកំហុសនោះទេ។
នៅថ្ងៃទី២០ ខែកញ្ញា ឃុន វិថេត ដែលជាបេក្ខជនធ្លាក់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ វគ្គ Live Show សប្តាហ៍ទី៤ បានចេញវីដេអូមួយនៅលើបណ្តាញសង្គមថា រូបលោកសូមអរគុណទៅដល់ទឹកចិត្តមហាជនដែលបានស្រលាញ់គាំទ្រហើយនៅពេលលោកធ្លាក់បានជជែកញែកពីលោកនិងបានបន្ទោសទៅលើគ្រូបង្វឹកផងដែរ។ បេក្ខជនរូបនេះបានសំណូមពរកុំឱ្យមានការបន្ទោសទៅលើខូចស៍ ឱក សុគន្ធកញ្ញា ព្រោះតារាចម្រៀងរូបនេះជាគ្រូ ជារៀមច្បងដែលបានផ្តល់ភាពកក់ក្តៅ បង្ហាត់បង្រៀននិងជួយរឿងជាច្រើនទៀត។
វិថេត បានបន្តទៀតថា ការចាកចេញរបស់គេដោយសារតែមិនបានជាប់Vote ដែលបេក្ខនារី គឹម សុវណ្ណ ទទួលបានច្រើនជាងគេនៅក្នុងក្រុម ខណៈ សុខ សារ៉ាវីតា ត្រូវបានគ្រូបង្វឹកកញ្ញា ជ្រើសរើសហើយបេក្ខនារីរូបនេះមិនដែលសាងកំហុសនោះទេ។ ចំណែកឯរូបគេវិញតែងតែសាងកំហុសតិចៗរហូត ណាមួយសមត្ថភាពគេនៅមានកម្រិត។
ក្នុងនោះដែរ វិថេត បានបន្ថែមថាសុំចិត្តមហាជនកុំគិតថាអ្នកជាប់មានខ្សែ គឺមិនដូច្នេះនោះទេអ្នកមកប្រលងទាំងអស់គ្មានមួយរូបណាមានខ្សែទាំងអស់គឺសុក្រឹតយុត្តិធម៌ ហើយអ្នកប្រលងផ្ទាល់ទើបដឹងច្បាស់។
គួរបញ្ជាក់ផងដែរថា ក្នុងវគ្គ Live Show សប្តាហ៍ទី៤ កាលពីថ្ងៃទី១៧ កន្លងទៅនេះ វិថេត បានបកស្រាយចម្រៀងមួយបទមានចំណងជើងថា «ស្ទឹងត្រែងបងអើយ»។ ការបកស្រាយរបស់បេក្ខជនរូបនេះមហាជនពោលសរសើរថាធ្វើបានល្អហើយសំឡេងមានទឹកដមប៉ុន្តែមិនអាចបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានទើបធ្វើឱ្យមហាជនមិនពេញចិត្ត៕










