លោក ទួន សុគា ប្រធានក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរដែលមានទីតាំងនៅខេត្តសៀមរាបដែលមហាជនស្គាល់តាមរយៈកូនស្វាតូច បានអំពាវនាវដល់សប្បុរសជននានាជួយបរិច្ចាគដើម្បីទ្រទ្រង់ក្លិបក្រោយពីរកចំណូលពុំសូវបានច្រើន ខណៈក្នុងមួយខែៗត្រូវចំណាយចូលខ្ទង់១ពាន់ដុល្លារទាំងថ្លៃទឹកភ្លើង និងទីតាំង។
ថ្លែងប្រាប់សារព័ត៌មាន KBN NEWS តាមប្រព័ន្ធតេលេក្រាមនាថ្ងៃទី១២ ខែកញ្ញា លោក ទួន សុគា ថាក្នុងខែកក្កដា និងសីហា រយៈពេល២ខែនេះក្លិបពុំសូវទទួលបានប្រាក់ចំណូល ច្រើនពីការសម្តែងនោះទេ ពោលគឺបានចំណូលតិចតួចបំផុតហើយត្រូវបែងចែកច្រើនដោយជួយឧបត្ថម្ភខ្លះៗទៅដល់សិស្សដែលបានចេញទៅសម្តែង និងគ្រូបង្ហាត់ដែលពួកគាត់ស្ម័គ្រចិត្តមកជួយបង្រៀនក្មេង។
ប្រធានក្លិបរូបនេះបន្តថា តាំងពីអំពាវនាវសប្បុរសជនជួយសាងសង់រោងថ្មីសម្រាប់ក្មេងៗមកហ្វឹកហាត់ដើម្បីឱ្យមានទីធ្លាធំជាងមុននៅមិនទាន់ទទួលបាននៅឡើយ ប្រការនេះ លោកត្រូវសន្សំលុយខ្លះៗទិញសម្ភារៈតិចៗបង់រំលោះ។ ថវិកាដែលទទួលបានពីការបរិច្ចាគតិចតួចពីសប្បុរសជន និងអាណាព្យាបាលសិស្សមួយចំនួនរួមទាំងខែណាដែលរកចំណូលបានច្រើនលោកឆ្លៀតសន្សំតិចៗតែពេលនេះត្រូវអក់ខាននិងអាចបញ្ឃប់ពាក់កណ្តាលទីក្នុងការសាងសង់រោងថ្មីសម្រាប់សិស្សហាត់ដោយសារពុំសូវទទួលបានចំណូល និងមិនបានចេញទៅសម្តែងច្រើនដោយសារតែជាខែភ្លៀងហើយត្រូវចំណាយច្រើនក្នុងមួយខែៗ។
តាមការឱ្យដឹងពីលោក ទួន សុគា បានឱ្យដឹងថាថ្លៃលោកជួលទីតាំង ទឹកភ្លើង និងចំណាយផ្សេងៗក្នុងមួយខែចូលខ្ទង់១ពាន់ដុល្លារ ខណៈចំណូលរកបានទៅតាមកម្មវិធីទៀត ប្រសិនជាកម្មវិធីធំគេអញ្ជើញក៏ទទួលបានច្រើនចំណែកឯកម្មវិធីខ្លះតូចៗល្មមៗគឺទៅតាមសទ្ធាជ្រះថ្លារបស់កម្មវិធី។
ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនពីការសម្ដែងសិល្បៈសប្បុរសធម៌ក្រោមប្រធាន”កុមារនៃក្ដីសង្ឃឹម” រៀបចំដោយក្រុមសិល្បៈ Roof Dance Team នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣នៅខេត្តសៀមរាបសម្ដែងដោយសិស្សានុសិស្សនៃក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គដែលនឹងបង្ហាញពីទស្សនីយភាពដូចជា របាំក្បាច់បុរាណខ្មែរ
របាំប្រពៃណី ល្ខោនខោល ក្បាច់គុនល្បុក្កតោ ដែលសប្បុរសជនអាចចូលរួមបរិច្ចាគជាសម្ភារៈផ្សេងៗនិងថវិកាផងដែរ។ ប្រធានក្លិបរូបនេះក៏បានបន្ថែមដែរថាមកទល់ពេលនេះមានសិស្សមកចុះឈ្មោះចូលរួមហាត់ពីសិល្បៈបុរាណខ្មែរកាន់តែច្រើនឡើងៗដែលមានចំនួន១០៨នាក់ហើយពេលនេះ។
គួរបញ្ជាក់ផងដែរថា ក្លឹបបណ្តុះបណ្តាលសិល្បៈវប្បធម៌ខ្មែរមានទីតាំងស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕










