ប្រទេសស្វីស ៖ វាបានក្លាយជារឿងមួយល្បីល្បាញក្នុងបណ្តាញសង្គម ក្រោយពីសារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីបានហោះចោលវ៉ាលិសអីវ៉ាន់អ្នកដំណើរ ដោយមិនបានជូនដំណឹងអ្វីទាំងអស់ ហើយបណ្តាលឱ្យអ្នកដំណើររង់ចាំអស់២ម៉ោងដើម្បីទទួលអីវ៉ាន់របស់ពួកគេ ។ បន្ទាប់មក ក្រុមហ៊ុនអាកាសចរណ៍នេះលើកឡើងថា ខ្វះខាតបុគ្គលិកផ្នែកទទួលខុសត្រូវអីវ៉ាន់ ។
កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានបរទេសចុះផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines ជើងហោះហើរពីទីក្រុង Zurich ប្រទេសស្វីស ទៅកាន់ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ បានហោះហើរចេញពីអាកាសយានដ្ឋានទីក្រុង Zurich ដោយមិនបានផ្ទុកវ៉ាលិសអ្នកដំណើរក្នុងយន្តហោះទេ ។ ក្រុមហ៊ុនអាកាសចរណ៍មិនបានជូនដំណឹងដល់អ្នកដំណើរអំពីវ៉ាលិសពួកគេ ដោយលើកឡើងថា បុគ្គលិកមិនគ្រប់គ្រាន់ ។
នៅពេលអ្នកដំណើរមកដល់ទីក្រុង Bilbao នៅល្ងាចថ្ងៃទី៩ ខែកញ្ញា ពួកគេបានទៅរង់ចាំទទួលវ៉ាលិសអស់រយៈពេលជាង២ម៉ោង ប៉ុន្តែពួកគេមិនទទួលបានវ៉ាលិសឡើយ ។ លោក Kevin Ampalam អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines បញ្ជាក់ថា វាជាការពិត យន្តហោះរបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មក្នុងនាមក្រុមហ៊ុនអាកាសចរណ៍ Edelweiss បានហោះចេញពីទីក្រុង Zurich ប្រទេសស្វីស និងគ្មានវ៉ាលិសអ្នកដំណើរទាំង១១១នាក់នៅលើយន្តហោះ ដោយសារខ្វះខាតបុគ្គលិកទទួលខុសត្រូវវ៉ាលិសអ្នកដំណើរ ដែលផ្ទុកនៅផ្នែកខាងក្រោមយន្តហោះ ។
លោក Kevin Ampalam បន្តថា ក្រោយពីបុគ្គលិកបម្រើការលើយន្តហោះរង់ចាំឱ្យមានការដឹកជញ្ជូនវ៉ាលិសអ្នកដំណើរមកលើយន្តហោះអស់រយៈពេលជាង១ម៉ោង នៅតែគ្មានឃើញវ៉ាលិសអ្នកដំណើរម្នាក់សោះ ហើយដោយសារហេតុផលទាក់ទងនឹងកាលវិភាគហោះហើរផងនោះ ទើបអ្នកបើកយន្តហោះសម្រេចចិត្តហោះទៅកាន់ទីក្រុង Bilbao ដោយចោលវ៉ាលិសអ្នកដំណើរ ។
លោក Kevin Ampalam បន្ថែមថា ៖ «អ្នកបើកយន្តហោះត្រូវកំណត់ពេលវេលាហោះហើរ គឺយន្តហោះនេះត្រូវទៅទទួលអ្នកដំណើរនៅទីក្រុង Bilbao រួចហោះត្រឡប់មកទីក្រុង Zurich មុនអាកាសយានដ្ឋានបិទពេលយប់ ។ ដូច្នេះ យន្តហោះមិនអាចរង់ចាំវ៉ាលិសអ្នកដំណើរបន្តទៀតទេ ហើយក្រុមហ៊ុនយល់ថា ស្ថានការណ៍នេះបានធ្វើឱ្យអ្នកដំណើរមិនពេញចិត្ត ហើយក៏សូមអរភ័យទោសផងដែរ» ។
អ្នកដំណើរនិយាយថា ៖ «អ្នកបើកយន្តហោះនេះបានសូមអភ័យទោសអ្នកដំណើររឿងការយឺតយ៉ាវ ដោយអះអាងថា បុគ្គលិកមិនគ្រប់គ្រាន់ ប៉ុន្តែពួកគេមិនបានប្រាប់ថា ពួកគេសម្រេចចិត្តបោះចោលវ៉ាលិសទាំងអស់របស់អ្នកដំណើរនៅអាកាសយានដ្ឋានទេ» ។
ចំណែកអ្នកដំណើរផ្សេងទៀតបាននិយាយប្រាប់សារព័ត៌មាននៅទីក្រុង Bilbao ថា ពេលពួកគេទៅដល់គោលដៅ ពួកគេមិនឃើញបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍នេះឡើយ ហើយពួកគេបានរង់ចាំយកវ៉ាលិសអស់ជាង២ម៉ោង ។ ក្រោយមក មានបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Iberia ប្រទេសអេស្ប៉ាញ ប្រាប់ថា យន្តហោះដែលពួកគេជិះមកបានចុះចតនៅអាកាសយានដ្ឋាន ដោយគ្មានវ៉ាលិសអ្នកដំណើរទេ ។
ចុងក្រោយ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Swiss Airlines លោក Kevin Ampalam និយាយថា លោកមិនអាចបញ្ជាក់ថា អ្នកបើកយន្តហោះមិនបានជូនដំណឹងដល់អ្នកដំណើរអំពីការទុកអីវ៉ាន់ពួកគេនៅអាកាសយានដ្ឋានទីក្រុង Zurich ទេ ។ បច្ចុប្បន្ន ក្រុមហ៊ុនបានវិភាគពីហេតុការណ៍នេះដើម្បីផ្តល់ចម្លើយ និងដោះស្រាយបញ្ហាបន្តទៀត ៕
ប្រភព ៖ Nation Online










