ប្រទេសជប៉ុន ៖ ប្រទេសជប៉ុននឹងអនុញ្ញាតឱ្យកូនសិស្សប្រើប្រាស់មនុស្សយន្តចូលសាលារៀនជំនួស ហើយពួកគេអាចបញ្ជាវាពីផ្ទះបានដើម្បីកាត់បន្ថយភាពតានតឹង និងត្រូវគេធ្វើបាប ក្រោយពីអត្រាកូនសិស្សមិនចូលសាលានៅប្រទេសជប៉ុនកើនឡើងខ្ពស់ ។
សារព័ត៌មានក្រៅប្រទេសចុះផ្សាយថា គណៈកម្មការអប់រំនៃទីក្រុង Kumamoto ប្រទេសជប៉ុនបារម្ភថា កូនសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សា ចាប់ផ្តើមចូលសាលារៀនតិចជាងមុន ។ គេបានយកទិន្នន័យរបស់កុមារក្នុងក្រុមអាយុនេះ មកប្រៀបធៀបគ្នារវាងឆ្នាំ២០១៨ និងឆ្នាំ២០២២ បង្ហាញថា មានកូនសិស្សមិនចូលសាលានៅឆ្នាំ២០២២ ចំនួន២.៧៦០នាក់ ។ ដូច្នេះ ចំនួននេះបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០១៨ ។
គណៈកម្មការអប់រំនៃទីក្រុង Kumamoto គិតថា នឹងយកមនុស្សយន្តមកដោះស្រាយបញ្ហាកូនសិស្សចូលរៀនតិចជាងមុន ព្រោះមនុស្សយន្តនឹងអាចដោះស្រាយបញ្ហានេះបាន ។ មនុស្សយន្តទាំងនេះមិនមែនមានតួនាទីត្រួតពិនិត្យកូនសិស្សទេ ប៉ុន្តែមនុស្សយន្តនឹងចូលរៀនជំនួសកូនសិស្ស ហើយឱ្យកូនសិស្សដែលមិនបានចូលសាលាអាចគ្រប់គ្រងមនុស្សយន្តពីចម្ងាយបាន ។
មនុស្សយន្តនេះមានកម្ពស់១ម៉ែត្រ ដែលបំពាក់ដោយមីក្រូហ្វូន និងកាមេរ៉ា ហើយវាអាចចូលរៀនក្នុងថ្នាក់ជាមួយមិត្តភក្តិផ្សេងទៀតបាន ដោយកូនសិស្សអាចតភ្ជាប់មនុស្សយន្តតាមរយៈកុំព្យូទ័រយួរដៃនៅផ្ទះ ។ ម្យ៉ាងទៀត មនុស្សយន្តមិនចាំបាច់នៅតែក្នុងថ្នាក់រៀនទេ គឺវាអាចដើរទៅមកពេញសាលាបាន ហើយវាអាចចូលរួមក្នុងកម្មវិធីផ្សេងៗ និងអាចទំនាក់ទំនងជាមួយអ្នកដទៃបានតាមតម្រូវការរបស់កូនសិស្សរៀនពីចម្ងាយ ។ គេរំពឹងថា ការបង្កើនចំនួនមនុស្សយន្តនឹងជួយឱ្យកូនសិស្សដែលអវត្តមានញឹកញាប់អាចយកឈ្នះភាពតានតឹង និងមានទំនុកចិត្តលើខ្លួនឯង រហូតពួកគេអាចត្រឡប់មកចូលរៀននៅសាលាតាមធម្មតាវិញ ។
គណៈកម្មការអប់រំនឹងមិនបង្ខំឱ្យកូនសិស្សប្រើប្រាស់មនុស្សយន្តទេ បើពួកគេមិនត្រូវការ ។ វាគ្រាន់តែជាគម្រោងតូចដែលទើបចាប់ផ្តើមនៅទីក្រុងតូចៗ ដូចជា ទីក្រុង Kumamoto ដែលមានពលរដ្ឋរស់នៅត្រឹមតែ៧៣ម៉ឺននាក់ប៉ុណ្ណោះ ។ គម្រោងនេះនឹងប្រើប្រាស់មនុស្សយន្តចំនួន២ និងបញ្ជូនទៅកាន់សាលារៀនណាដែលស្នើសុំ ហើយនឹងចាប់ផ្តើមអនុវត្តនៅខែវិច្ឆិកា ឆ្នាំ២០២៣ ។ គេនឹងវាយតម្លៃក្រោយបញ្ចប់ឆ្នាំសិក្សានៅខែមីនា ឆ្នាំ២០២៤ ថា តើគួរពង្រីកគម្រោងនេះដែរឬទេ ៕ ប្រភព ៖ khaosod










