ប្រទេសថៃ ៖ កសិករដាំដុះកញ្ឆានៅតំបន់ភាគឦសានប្រទេសថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលថ្មីដាក់កញ្ឆាជាគ្រឿងញៀនដូចមុន ហើយជំរុញឱ្យដាំកញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ពីព្រោះបច្ចុប្បន្ន ពួកគេទទួលរងផលប៉ះពាល់ដោយសារគោលនយោបាយកញ្ឆាសេរី ។
គេសង្កេតឃើញថា ចម្ការកញ្ឆាមួយកន្លែងនៅស្រុកមឿងមហាសារខាម ខេត្តមហាសារខាម ប្រទេសថៃ បានផ្លាស់ប្តូរមកដាំដំណាំចេកវិញ ដោយសារកញ្ឆាគ្មានទីផ្សារលក់ចេញ ។ លោក សាំលី រ៉ាក់សុទ្ធី សមាជិកសហគ្រាសសហគមន៍ «ណងម៉ង ផារួយ» លើកឡើងថា កាលពីមុន លោកបានដាំកញ្ឆាចំនួន៥០០ដើម និងចំណាយប្រាក់អស់២សែនបាត ប៉ុន្តែពេលនេះ នៅសល់ដើមកញ្ឆាត្រឹមតែ២ដើមប៉ុណ្ណោះ ព្រោះគ្មានទីផ្សារលក់ចេញ ។ លោករំពឹងថា លោក អនុថិន ឆាយវីរៈគូន នឹងលើកកម្ពស់ការដាំកញ្ឆាសេរី និងរកទីផ្សារឱ្យកសិករ ។
ចំណែកលោក ម៉ន់ទ្រី យៀមស៊ុងនឺម ប្រធានសហគ្រាសសហគមន៍ប្រចាំខេត្តនគរាជសីម៉ា លើកឡើងថា បច្ចុប្បន្ន កសិករដាំកញ្ឆានៅខេត្តនគរាជសីម៉ា បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារគោលនយោបាយកញ្ឆាសេរី ហើយកសិករមិនអាចលក់ទិន្នផលកញ្ឆាបានទេ ។ ដូច្នេះ ធ្វើឱ្យសមាជិកចំនួន៤៣២នាក់រងផលប៉ះពាល់ជាខ្លាំង ។ គោលនយោបាយកញ្ឆាសេរីបានធ្វើឱ្យកសិករដាំកញ្ឆានៅទូទាំងប្រទេសថៃរងផលប៉ះពាល់ ដោយសារស្លឹក, ឫស, ដើម និងទិន្នផលផលិតមិនអាចលក់ចេញបាន ព្រមទាំងធ្វើឱ្យតម្លៃធ្លាក់ចុះ ។ ម្យ៉ាងទៀត ប្រទេសថៃបាននាំចូលកញ្ឆាជាច្រើនពីក្រៅប្រទេសទៀតផង ។
លោក ម៉ន់ទ្រី យៀមស៊ុងនឺម សង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងដាក់កញ្ឆាជាគ្រឿងញៀនដូចមុន និងជំរុញឱ្យដាំកញ្ឆាសម្រាប់ផ្នែកវេជ្ជសាស្ត្រតែប៉ុណ្ណោះ ដើម្បីគ្រប់គ្រងមិនឱ្យកញ្ឆារាលដាលទៅគ្រប់លំនៅឋានពលរដ្ឋ ។
រីឯកសិករនៅខេត្តឈៀងម៉ៃបាននាំគ្នាដាក់លិខិតស្នើទៅកាន់សាលាខេត្តឈៀងម៉ៃផងដែរ ដោយសារពួកគេទទួលក្លិនចេញពីរោងចក្រកែច្នៃកញ្ឆា ដែលមានទីតាំងនៅក្នុងទីប្រជុំជនមានអ្នកស្រុករស់នៅជាច្រើននាក់ និងជាតំបន់ពាណិជ្ជកម្មច្រើនជាងកសិកម្ម ។ ហេតុនេះ អាជ្ញាធរមិនគួរអនុញ្ញាតឱ្យដាំកញ្ឆា និងបង្កើតរោងចក្រកែច្នៃកញ្ឆាទេ ព្រោះក្លិនកញ្ឆាធ្វើឱ្យប៉ះពាល់សុខភាពអ្នកស្រុករស់នៅក្បែរនេះ ។ ដូច្នេះ ពួកគេបានសំណូមពរឱ្យរដ្ឋាភិបាលថ្មីចុះមកត្រួតពិនិត្យ និងពិចារណាផ្អាក ឬលុបចោលលិខិតអនុញ្ញាតដាំកញ្ឆា ។
លោក វីរៈផុង វង្សសែនស៊ី អ្នកជំនាញប្រចាំខេត្តឈៀងម៉ៃ លើកឡើងថា ជាបឋម លោកបានជ្រាបពីការបារម្ភរបស់អ្នកស្រុក បន្ទាប់មក លោកនឹងដាក់លិខិតទៅកាន់មន្ត្រីថ្នាក់ខេត្តឈៀងម៉ៃ ដើម្បីពិចារណាពីបញ្ហានេះបន្តទៀត ៕ ប្រភព ៖ Thai PBS










