នៅឆ្នាំ២០២៣ ជំងឺគ្រុនឈាមបានឆ្លងរាតត្បាតយ៉ាងខ្លាំងនៅអាស៊ីខាងត្បូង ជាពិសេស មានអ្នកស្លា.ប់ជាច្រើននាក់នៅប្រទេសបង់ក្លាដែស ។ អ្នកជំនាញបញ្ជាក់ថា ជំងឺគ្រុនឈាមកើនឡើងដោយសារអាកាសធាតុក្តៅ និងរដូវមូសុងអូសបន្លាយពេលយូរ ។
ប្រទេសបង់ក្លាដែសមានអ្នកស្លា.ប់ដោយសារជំងឺគ្រុនឈាម យ៉ាងតិចចំនួន៦៩១នាក់នៅឆ្នាំ២០២៣ និងមានអ្នកឆ្លងជំងឺនេះជាង១៣ម៉ឺន៨ពាន់នាក់ ។ វាធ្វើឱ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំមានអ្នកស្លា.ប់ដោយសារជំងឺគ្រុនឈាមច្រើនបំផុត បើគិតតាំងពីជំងឺនេះចាប់ផ្តើមរាតត្បាតនៅឆ្នាំ២០០០ ហើយវាកើនឡើងយ៉ាងខ្លាំង បើធៀបជាមួយស្ថិតិខ្ពស់បំផុតនាឆ្នាំ២០២២ គឺស្មើត្រឹមតែ២៨១នាក់ ។
ចំណែកប្រទេសនេប៉ាល់មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមយ៉ាងតិចចំនួន១៣នាក់ និងអ្នកឆ្លងជំងឺនេះជាង២១.២០០នាក់នៅឆ្នាំ២០២៣ ។ មន្ត្រីសុខាភិបាលបារម្ភថា ចំនួនអ្នកស្លា.ប់នៅឆ្នាំ២០២៣ អាចស្មើជាមួយឆ្នាំ២០២២ ដែលមានអ្នកស្លា.ប់៨៨នាក់ និងអ្នកឆ្លងចំនួន៥៤.០០០នាក់ ។
ជំងឺគ្រុនឈាម មិនត្រឹមតែឆ្លងនៅតំបន់អាស៊ីខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកឆ្លងជំងឺគ្រុនឈាមកើនឡើងនៅទូទាំងពិភពលោកផងដែរ រហូតដល់៤,២លាននាក់នៅឆ្នាំ២០២២ កើនឡើង៨ដង បើធៀបនឹងឆ្នាំ២០០០ ។ អង្គការសុខភាពពិភពលោក (WHO) ដាស់តឿនថា ជំងឺគ្រុនឈាម គឺជាជំងឺកើតនៅតំបន់ក្តៅ, ឆ្លងលឿនបំផុត និងឆ្លងនៅទូទាំងពិភពលោកផងដែរ ។
អ្នកជំនាញផ្នែកជំងឺរាតត្បាតបញ្ជាក់ថា សីតុណ្ហភាពកើនឡើង និងរដូវមូសុងអូសបន្លាយពេលយូរបានធ្វើឱ្យសត្វមូសងាយស្រួលបង្កាត់ពូជ ។ អ្នកជំនាញផ្នែកជំងឺរាតត្បាតនៅប្រទេសបង់ក្លាដែសនិយាយថា កង្វះខាតវិធានការការពារត្រឹមត្រូវធ្វើឱ្យមូសអាចចម្លងជំងឺគ្រុនឈាមស្ទើរគ្រប់តំបន់នៅទូទាំងប្រទេស ខណៈលក្ខខណ្ឌអាកាសធាតុបានអំណោយផលដល់ការបង្កាត់ពូជមូស ។ ក្រៅពីនេះ នឹងមានអ្នកឆ្លងជំងឺគ្រុនឈាមកាន់តែច្រើននៅខែកញ្ញា ។ តាមធម្មតា ជំងឺគ្រុនឈាមនឹងឆ្លងរាតត្បាតនៅរដូវវស្សា ចាប់ពីខែមិថុនា ដល់ខែកញ្ញា ហើយចំនួនមូសនឹងកើនឡើងនៅតំបន់មានទឹកដក់ ។
ចំណែកអ្នកស្រាវជ្រាវនេប៉ាល់និយាយថា ជំងឺគ្រុនឈាមបានឆ្លងនៅទូទាំងប្រទេសយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានអ្នកឆ្លងជំងឺនេះនៅរដូវស្លឹកឈើជ្រុះ ដែលមានសីតុណ្ហភាពទាបជាងរដូវមូសុង ។ នៅតំបន់ព្រៃភ្នំ ដែលមិនធ្លាប់មានជំងឺគ្រុនឈាមឆ្លងរាតត្បាត អាជ្ញាធរក៏បានព្យាយាមគ្រប់គ្រងចំនួនអ្នកឆ្លងផងដែរ ។
អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា កត្តាធ្វើឱ្យជំងឺគ្រុនឈាមកើនឡើង គឺមួយផ្នែកដោយសារពិភពលោកកាន់តែក្តៅ ព្រមទាំងកត្តាផ្សេងទៀតដូចជា ការបម្លាស់ទីរបស់មនុស្ស និងសម្ភារៈ, ការពង្រីកទីក្រុង ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងអនាម័យ ។ កាលពីខែកក្កដា ឆ្នាំ២០២៣ អង្គការ WHO លើកឡើងថា បរិមាណភ្លៀងធ្លាក់ខុសធម្មតា, សីតុណ្ហភាពកើនឡើង និងមានសំណើមខ្ពស់បានធ្វើឱ្យចំនួនមូសកើនឡើងនៅទូទាំងប្រទេសបង់ក្លាដែស ។
ក្រៅពីនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រទេសបង់ក្លាដែសបានជួបនឹងរដូវមូសុងអូសបន្លាយពេលយូរជាងធម្មតា ដោយមានភ្លៀងធ្លាក់ចាប់ពីខែមីនា រហូតដល់ខែតុលា និងមានទឹកដក់ជាច្រើនកន្លែង ដែលអំណោយផលដល់ការបង្កាត់ពូជមូស ៕ ប្រភព ៖ Nation World News










