ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មនុស្សជាច្រើននាក់បានប្រើប្រាស់បំពង់បឺតក្រដាសជំនួសបំពង់ផ្លាស្ទិក ដោយសារវាជួយកាត់បន្ថយសំរាមផ្លាស្ទិកដែលពិបាកកម្ចាត់ចោល និងជាមូលហេតុធ្វើឱ្យពិភពលោកកាន់តែក្តៅ ។ ទោះយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា បំពង់ក្រដាសទាំងនេះផ្ទុកនូវសារធាតុគីមីច្រើនជាងបំពង់ផ្លាស្ទិក ហើយវាអាចប៉ះពាល់ដល់សុខភាពរយៈពេលវែងទៀតផង ។
អ្នកវិទ្យាសាស្ត្រនៅប្រទេសបែលហ្ស៊ិករកឃើញថា សារធាតុ Polyfluoroalkyl ដែលមានឈ្មោះហៅក្រៅថា «សារធាតុគីមីបង្កគ្រោះថ្នាក់គ្រប់ពេលវេលា» បានបង្កប់នៅក្នុងបំពង់បឺតផលិតពីក្រដាស និងឫស្សី ច្រើនជាងបំពង់ផ្លាស្ទិក ។:max_bytes(150000):strip_icc()/paper-straws-bartenders-blog1018-f4c97e1c0b90421598115d984c2de755.jpg)
បើទោះជាបំពង់បឺតភេសជ្ជៈផលិតពីវត្ថុធាតុដើមធម្មជាតិដូចជា ក្រដាស និងឫស្សី មាននិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន បើធៀបនឹងបំពង់ផលិតពីផ្លាស្ទិកក្តី ប៉ុន្តែគេសង្កេតឃើញថា ការផលិតបំពង់ក្រដាសបានប្រើប្រាស់សារធាតុគីមី Polyfluoroalkyl ច្រើនលើសលប់ ។ សារធាតុនេះនឹងបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយរបស់មនុស្សជាខ្លាំង ។
តាមការស្រាវជ្រាវបង្ហាញថា បំពង់បឺតភេសជ្ជៈចំនួន៣៩ប្រភេទដែលផលិតពីវត្ថុធាតុដើមខុសៗគ្នា៥មុខ រួមមាន ផ្លាស្ទិក, ដែកអ៊ីណុក, កញ្ចក់, ឫស្សី និងក្រដាស គឺមានផ្ទុកនូវសារធាតុគីមី Polyfluoroalkyl ចំនួន២៧ប្រភេទ ។ លើសពីនេះ គេប្រទះឃើញបំពង់ផលិតពីក្រដាសមានផ្ទុកសារធាតុគីមីច្រើនបំផុត ហើយសារធាតុគ្រោះថ្នាក់នេះមានរហូតដល់៩០% ឯណោះ ខណៈបំពង់ផ្លាស្ទិកផ្ទុកសារធាតុគីមី៧៥% ។ ចំណែកបំពង់ផលិតពីវត្ថុធាតុផ្សេងទៀតស្ទើរទាំងអស់ ក៏ផ្ទុកនូវសារធាតុគីមីនេះដែរ លើកលែងតែដែកអ៊ីណុក ។
អ្នកវិទ្យាសាស្ត្រលើកឡើងថា ក្រុមហ៊ុនផលិតបានប្រើប្រាស់សារធាតុគីមី Polyfluoroalkyl ក្នុងបំពង់បឺតភេសជ្ជៈផលិតពីធម្មជាតិ ដើម្បីកុំឱ្យវាឆាប់ជ្រាបទឹក ។ អ្នកវិទ្យាសាស្ត្រចង្អុលបង្ហាញថា នេះជារឿងពិបាក ប៉ុន្តែវាសំខាន់ណាស់សម្រាប់អតិថិជនសម្រេចចិត្តជ្រើសរើសប្រើសម្ភារៈណាមិនប៉ះពាល់សុខភាព ឬបរិស្ថាន ៕ ប្រភព ៖ TNN Health










