ប្រទេសសិង្ហបុរី ៖ លោក Nattawut Phaothawee សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចប្រចាំសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាង ប្រទេសសិង្ហបុរី បានបង្ហោះសារក្នុងហ្វេសប៊ុក អំពីសីតុណ្ហភាព និងភាពជោគជ័យក្នុងការសិក្សារបស់កុមារថា ៖ «តើអ្នកគិតថា សីតុណ្ហភាពនឹងប៉ះពាល់ដល់ការសិក្សារបស់កុមារដែរឬទេ ? តាមការស្រាវជ្រាវរបស់ Heather Randell និង Clark Gray ដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី Proceedings of the National Academy of Science (PNAS) បានធ្វើការភ្ជាប់គ្នារវាងទិន្នន័យសីតុណ្ហភាព និងអត្រាធ្លាក់ភ្លៀង ដោយគិតចាប់ពីទារកនៅក្នុងផ្ទៃម្តាយ រហូតដល់ទារកកើតចេញពីផ្ទៃម្តាយ ជាមួយទិន្នន័យលទ្ធផលការសិក្សារបស់កុមារចាប់ពីអាយុ១២ឆ្នាំ ដល់១៥ឆ្នាំ» ។
គេរកឃើញថា ក្នុងចំណោមបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ កុមារដែលបានធំឡើងនៅតំបន់មានសីតុណ្ហភាពខ្ពស់ជាងធម្មតា គឺពួកគេភាគច្រើនបានសិក្សាតិចជាងកុមារដែលរស់នៅតំបន់មានសីតុណ្ហភាពធម្មតា ។ កុមារធំឡើងនៅតំបន់មានសីតុណ្ហភាពខ្ពស់ជាងធម្មតា ពួកគេនឹងបានរៀនសូត្រតិចជាងកុមារទូទៅប្រមាណ១ឆ្នាំកន្លះ ។ ដូច្នេះ បើសីតុណ្ហភាពកាន់តែខ្ពស់ នឹងធ្វើឱ្យចំនួនឆ្នាំការរៀនសូត្ររបស់ពួកគេកាន់តែតិចតាមដែរ ។
តាមការស្រាវជ្រាវមួយដឹកនាំដោយ Jisung Park ជាសេដ្ឋវិទូមកពីសាកលវិទ្យាល័យ UPenn បានប្រើប្រាស់ទិន្នន័យរបស់កូនសិស្សចំនួន១០លាននាក់នៅអាមេរិកមកវិភាគ និងរកឃើញថា បើថ្ងៃប្រឡង PSATs គឺជាថ្ងៃមានអាកាសធាតុក្តៅខ្លាំង វានឹងធ្វើឱ្យលទ្ធផលការប្រឡងរបស់កូនសិស្សមិនសូវល្អប៉ុន្មានទេ ។
សរុបមក សីតុណ្ហភាពជាកត្តាសំខាន់ និងមានផលប៉ះពាល់ដល់ការសិក្សារបស់កុមារ ជាពិសេស កុមាររស់នៅតាមបណ្តាប្រទេសមានអាកាសធាតុក្តៅ ។ ប្រសិនបើការសិក្សាជាកត្តាសំខាន់សម្រាប់តស៊ូជាមួយភាពក្រីក្រនោះ ហេតុនេះ កូនអ្នកមានទ្រព្យសម្បត្តិនឹងមានឱកាសបានរៀនក្នុងថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ ចំណែកកូនអ្នកក្រនឹងគ្មានឱកាសបានរៀនក្នុងថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ទេ ។ វានឹងកាន់តែធ្វើឱ្យការសិក្សាមានគម្លាតគ្នារវាងកូនអ្នកមាន និងកូនអ្នកក្រ ហើយនៅថ្ងៃអនាគត ការទទួលបានប្រាក់ចំណូលមិនស្មើគ្នារបស់ពួកគេនឹងកាន់តែមានគម្លាតគ្នាខ្លាំងឡើង ៕ ប្រភព ៖ chiangmai news










