ប្រទេសកេនយ៉ា ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានថ្លែងទៅកាន់គណៈប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុនៅអាហ្វ្រិក ដែលរៀបចំឡើងនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា ប្រទេសទាំងឡាយដែលបានអភិវឌ្ឍន៍រួចហើយ ត្រូវតែមានចំណែកទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ដែលធ្វើឱ្យសីតុណ្ហភាពលើពិភពលោកកើនឡើង រហូតមានវិបត្តិអាកាសធាតុ ។
ជាមួយគ្នានេះ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោកឈប់ប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលផងដែរ ដោយសារមើលឃើញថា ប្រេងឥន្ធនៈប្រភេទនេះបានជួយជំរុញឱ្យពិភពលោកកាន់តែក្តៅ និងធ្វើឱ្យប្រទេសអាហ្វ្រិករងគ្រោះដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លៀងធ្លាក់មិនទៀងទាត់ ។ ក្រៅពីនេះ វាគឺជាមូលហេតុធ្វើឱ្យមនុស្សជាច្រើននាក់នៅប្រទេសអាហ្វ្រិកស្លា.ប់បាត់ប.ង់ជីវិ.ត ។ ដូច្នេះ ប្រទេសទាំងអស់ត្រូវតែផ្តល់មូលនិធិជួយសង្គ្រោះក្នុងកិច្ចប្រជុំ COP 28 នៅឆ្នាំ២០២៣ ។
ទោះយ៉ាងណា នាពេលកន្លងមក លោក Antonio Guterres ធ្លាប់បានដាស់តឿនមនុស្សទាំងអស់ថា បច្ចុប្បន្ន ពិភពលោកកំពុងតែដួលរលំ ហើយមនុស្សកំពុងធ្វើសង្គ្រាម និងសម្លា.ប់ខ្លួនឯងដោយសារធម្មជាតិ ។ លើសពីនេះ លោកក៏បានអំពាវនាវឱ្យប្រទេសនានានៅលើពិភពលោកសហការគ្នា ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតឱ្យស្មើកម្រិតសូន្យ ។
ចុងក្រោយ លោក Antonio Guterres លើកឡើងថា គ្រប់ប្រទេសទាំងអស់ រួមទាំងស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្សេងៗត្រូវតែបង្កើតផែនការផ្លាស់ប្តូរ ដើម្បីឈានទៅរកការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតឱ្យស្មើកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០ ៕ ប្រភព










