រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងលិខិតអំពាវនាវនោះបានបញ្ជាក់ថា នៅសប្តាហ៍ទី៤ ខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះគណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំ គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុង ការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពចំណុះ ទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាម លទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ ដោយសង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។
សប្បុរសជន អាចអំណោយទាំងអស់មកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានី ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩៕










