ប្រទេសអង់គ្លេស ៖ National Grid គឺជាក្រុមហ៊ុនបណ្តាញអគ្គិសនីសំខាន់របស់ប្រទេសអង់គ្លេស នឹងផ្តល់ប្រាក់ដល់លំនៅឋានពលរដ្ឋដែលប្រើប្រាស់អគ្គិសនីតិច ។ ការផ្តល់ប្រាក់នឹងអាចជួយការពារការខ្វះខាតថាមពលអគ្គិសនីនៅរដូវរងា ។
វាជាលើកទី២ហើយសម្រាប់គម្រោងនេះ ក្រោយពីទទួលបានជោគជ័យកាលពីឆ្នាំ២០២២ ។ គ្រួសារដែលបានចុះឈ្មោះចូលរួមក្នុងគម្រោងនឹងជួយគ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដូចជា មិនប្រើប្រាស់ចង្ក្រានខ្សែភ្លើង ឬម៉ាស៊ីនលាងចានក្នុងអំឡុងពេលមានការប្រើប្រាស់អគ្គិសនីខ្ពស់ ហើយពួកគេនឹងទទួលបានប្រាក់សម្រាប់ការបញ្ចុះតម្លៃអគ្គិសនី ។
តាមរបាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ការចូលរួមក្នុងគម្រោងនេះរបស់លំនៅឋានពលរដ្ឋនៅប្រទេសអង់គ្លេសប្រមាណ១៦០ម៉ឺនខ្នងនៅរដូវរងា ឆ្នាំ២០២២ គឺពួកគេអាចជួយសន្សំសំចៃអគ្គិសនី រហូតដល់ជាង៣.៣០០មេហ្គាវ៉ាត់ ។ ដូច្នេះ វាមានចំនួនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់លំនៅឋានពលរដ្ឋប្រមាណ១០លានខ្នង ។ ចំណែកនៅឆ្នាំ២០២៣ អ្នកតំណាងក្រុមហ៊ុន National Grid សង្ឃឹមថា នឹងមានលំនៅឋានពលរដ្ឋចូលរួមក្នុងគម្រោងច្រើនជាងមុន ។ បើយោងតាមការស្ទង់មតិរបស់ភ្នាក់ងារបង្ហាញថា ៨៣% របស់អ្នកចូលរួមក្នុងគម្រោងកាលពីឆ្នាំ២០២២ បញ្ជាក់ថា ពួកគេនឹងចូលរួមគម្រោងម្តងទៀត ។
អ្នកតំណាងក្រុមហ៊ុន National Grid លើកឡើងថា ៖ «ពលរដ្ឋចូលរួមក្នុងគម្រោងនិយាយថា ពួកគេពេញចិត្តដែលបានចូលរួមការងារនេះ ព្រមទាំងទទួលបានរង្វាន់ និងធ្វើជាចំណែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ។ ដូច្នេះ វាជាផលប្រយោជន៍សំខាន់ដែលពួកគេទទួលបានពីការចូលរួមក្នុងគម្រោង» ។
កាលពីឆ្នាំ២០២២ ក្រុមហ៊ុន National Grid ធ្លាប់បានជូនដំណឹងទៅពលរដ្ឋថា អាចនឹងផ្តាច់ចរន្តអគ្គិសនីរយៈពេល៣ម៉ោងក្នុងរដូវរងាឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប្រសិនបើអង់គ្លេសមិនអាចនាំចូលឧស្ម័ន និងអគ្គិសនីគ្រប់គ្រាន់ ។ ហេតុនេះ ការចាប់ផ្តើមគម្រោងគឺជាផ្នែកមួយអាចជួយការពារការផ្តាច់ចរន្តអគ្គិសនី ៕
ប្រភព ៖ beartai










