បរទេស៖ ប្រទេសន័រវេសបានបើកកសិដ្ឋានខ្យល់បណ្តែតទឹកដ៏ធំបំផុតរបស់ពិភពលោកនៅសមុទ្រខាងជើងកាលពីថ្ងៃទី ២៣ ខែសីហា ដោយជួយបំប្លែងពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលបៃតង។
កសិដ្ឋានខ្យល់បណ្តែត Hywind Tampen មានទួរប៊ីនចំនួន ១១ ដែលនីមួយៗអាចបង្កើតថាមពលបានរហូតដល់ ៨.៦ MW ដែលបំពេញតម្រូវការថាមពលប្រហែល ៣៥% នៃអណ្តូងប្រេង និងឧស្ម័នចំនួនប្រាំនៅក្បែរនោះ។ ដំណើរការសាងសង់ Hywind Tampen នៅជម្រៅ ២៦០ – ៣០០ ម៉ែត្រ ចំណាយថវិកាប្រមាណ ៦៩១ លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានគ្រប់គ្រងដោយក្រុមប្រេង និងឧស្ម័ន Equinor និង Petoro (ន័រវេស) OMV (អូទ្រីស) ក្រុមហ៊ុនបុត្រសម្ព័ន្ធ Var Energi របស់ Eni (អ៊ីតាលី) Wintershall DEA (អាល្លឺម៉ង់) និង Inpex (ជប៉ុន)។
កសិដ្ឋានដែលមានទីតាំងនៅចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រពីឆ្នេរសមុទ្របានចាប់ផ្តើមផលិតកម្មកាលពីចុងឆ្នាំមុន ប៉ុន្តែត្រូវបានសម្ពោធជាផ្លូវការដោយព្រះអង្គម្ចាស់ Haakon និងនាយករដ្ឋមន្ត្រី Jonas Gahr Store នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៣នេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសន័រវេសនិងអឺរ៉ុបសុទ្ធតែត្រូវការអគ្គិសនីបន្ថែមទៀត ដោយសារសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ អគ្គិសនីត្រូវតែមកពីប្រភពដែលអាចកកើតឡើងវិញបាន ប្រសិនបើអឺរ៉ុបចង់សម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន ។
Hywind Tampen ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័ន CO2 ចំនួន ២០០,០០០ តោនក្នុងមួយឆ្នាំ ឬ ០.៤% នៃការបំភាយឧស្ម័ន CO2 សរុបរបស់ប្រទេសន័រវេសក្នុងឆ្នាំ ២០២៣។ ដូចនេះ ការបើកកសិដ្ឋានមានភាពវិជ្ជមាន អាចជួយកាត់បន្ថយការបំភាយឧស្ម័ន CO2 របស់ប្រទេស នឹងជួយបំប្លែងពីឥន្ធនៈហ្វូស៊ីលទៅជាថាមពលបៃតង៕
ប្រភព៖vnexpress










