នាយកដ្ឋានបេតិកភណ្ឌវប្បធម៌វៀតណាមបានស្នើសុំសារមន្ទីរសិល្បៈ Denver របស់សហរដ្ឋអាម៉េរិកប្រគល់វត្ថុបុរាណជាច្រើន។ ក្នុងនោះក៏មានបណ្តាប្រទេសរួមតំបន់មានដូចជា ថៃ និងកម្ពុជា ក៏បានផ្ញើលិខិតទៅកាន់សារមន្ទីរកាលពីខែឧសភា និងខែមិថុនា ដោយស្នើឱ្យស៊ើបអង្កេតវត្ថុបុរាណចំនួន៨ ដោយគ្មានអាជ្ញាប័ណ្ណស្របច្បាប់ ខណៈសារមន្ទីរ Denver ផ្ទុកវត្ថុបុរាណជាង ២០០ ពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ថ្ងៃទី២៣ ខែសីហា។

នាយកដ្ឋានបេតិកភណ្ឌវប្បធម៌វៀតណាមបានបន្ថែមថា ដោយផ្អែកលើកំណត់ត្រានៃការស៊ើបអង្កេតសន្តិសុខមាតុភូមិរបស់សហរដ្ឋអាម៉េរិក(HIS) ក្រោមក្រសួងសន្តិសុខមាតុភូមិ រួមបញ្ចូលគ្នានូវដំណើរការនៃការធ្វើការជាមួយអ្នកជំនាញនាយកដ្ឋានកំពុងកំណត់អត្តសញ្ញាណប្រភពដើមនៃវត្ថុបុរាណចំនួន៤ មានអាយុកាលតាំងពី ២,៥០០ ដល់ ២,០០០ ឆ្នាំមុន ដែលសារមន្ទីរ Denver កំពុងកាន់កាប់។
កាលពីខែមីនា អ្នកនាំពាក្យសារមន្ទីរ Denver បាននិយាយថា ខ្លួនកំពុងធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីធានាការប្រគល់វត្ថុបុរាណឱ្យបានត្រឹមត្រូវទៅកាន់ប្រទេសនានានិងស៊ើបអង្កេតដើម្បីធានាបាននូវភាពត្រឹមត្រូវ និងប្រភពដើមនៃវត្ថុនីមួយៗ។

គួរបញ្ជាក់ផងដែរថា សារមន្ទីរសិល្បៈ Denver គឺជាសារមន្ទីរដ៏ធំបំផុតមួយនៅក្នុងពិភពលោកបង្កើតឡើងក្នុងឆ្នាំ ១៨៩៣ ដែលជាកន្លែងបង្ហាញស្នាដៃ និងវត្ថុបុរាណជាង ៧០,០០០ដែលក្នុងនោះមានជាង៦,០០០បំណែកដែលចងក្រងឯកសារអំពីការអភិវឌ្ឍន៍នៃអាស៊ី និងអាម៉េរិក។ សារមន្ទីរនេះត្រូវបានរចនាដោយស្ថាបត្យករជនជាតិប៉ូឡូញ-អាម៉េរិក លោក Daniel Libeskind ហើយសារមន្ទីរសិល្បៈនេះមិនត្រឹមតែជាកន្លែងរក្សាកេរ្តិ៍ឈ្មោះប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងទាក់ទាញទេសចរដ៏ល្បីរបស់សហរដ្ឋអាម៉េរិកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFfep7UfAIOqVuyBrq3xCNZ6S2uIHrJFeT3f8MXj8bnhy2fcAHrx5zuzwNC0BuF60u1UpzNwpMsIlAhmPvIo-qdkWvO1N5uLUdwe3JUGxUfLYlLwR2Ryjnks5sVWYI5aUfa90WBJLSJj8SXLcebxZs96UcMVT12fUo5AnENU_XnT3-8NWslLmJ0vmClk/s1020/image_2023-08-24_11-00-11.png