រដ្ឋធានីប៉េកាំង៖ បច្ចុប្បន្ន ប្រទេសមហាអំណាចជាច្រើននៅលើពិភពលោក បានបង្កើតបច្ចេកវិទ្យាជាន់ខ្ពស់ សម្រាប់វិស័យការពារជាតិ កាន់តែទំនើបខ្លាំងឡើងនោះ ប្រទេសចិន ក៏កំពុងតែប្រកួតប្រជែងយន្ដហោះយោធាគ្មានមនុស្សបើកវៃឆ្លាត ឬ ដ្រូនយោធាវៃឆ្លាត ប្រជែងជាមួយនឹងសហរដ្ឋអាមេរិក។
គេហទំព័រ Open Tools បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ថា សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ដ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការអះអាងរបស់ចិន នៅតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិក និង ការគំរាមកំហែងរបស់ក្រុងបេកាំង ទៅលើកោះតៃវ៉ាន់។ ជាមួយគ្នានេះ ការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) កំពុងតែក្លាយជាសមរភូមិដ៏សំខាន់ សម្រាប់ប្រទេសមហាអំណាចនានា នៅលើពិភពលោក រួមមាន ប្រទេសចិន និង សហរដ្ឋអាមេរិក។
បច្ចុប្បន្ន ប្រទេសមហាអំណាចសេដ្ឋកិច្ចសហរដ្ឋអាមរិក និង ចិន កំពុងតែរត់ប្រណាំងប្រជែងគ្នា ដណ្តើមអំណាច AI ខាងយោធា ហើយក៏កំពុងតែបង្កើននូវវិនិយោគដ៏ខ្លាំងក្លា ទាំងការសាកល្បង និង អភិវឌ្ឍយន្តហោះយោធាគ្មានមនុស្សបើក ឬ ដ្រូនយោធាដ៏ឆ្លាតវៃ។ បច្ចេកវិទ្យាយោធាដ៏ទំនើបទាំងនេះ រួមមាន យន្តហោះគ្មានមនុស្សបើក ឬដ្រូន ទាក់ទងគ្នាជាមួយនឹងការធ្វើការរួមគ្នា ដោយស្វ័យប្រវត្ដិដ៏មានសក្តានុពល នៅក្នុងការធ្វើបដិវត្តន៍សង្គ្រាម និង ផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ នៅលើសមរភូមិផងដែរ។
យន្ដហោះគ្មានមនុស្សបើកវៃឆ្លាត ឬ ដ្រូនឆ្លាតវៃ តំណាងឱ្យការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ នៅក្នុងបច្ចេកវិទ្យាយោធា ព្រោះវាមានភាពល្អប្រសើរជាងពឹងផ្អែកទៅលើដ្រូនធំៗតែមួយមុខ។ ដ្រូនវៃឆ្លាតតូចៗជាច្រើន អាចធ្វើការរួមគ្នា សម្រាប់ការសម្រេចបាននូវកិច្ចការដ៏ស្មុគស្មាញ។
ការប្រើប្រាស់ក្បួនដោះស្រាយ AI និង ពិធីការទំនាក់ទំនង នឹងធ្វើឲ្យយន្តហោះគ្មានមនុស្សបើកវៃឆ្លាតទាំងនេះ អាចសហការ និង សម្របខ្លួនទៅនឹងការផ្លាស់ប្តូរស្ថានភាព នៅក្នុងពេលវេលាជាក់ស្តែងបាន។ ដ្រូនឆ្លាតវៃទាំងនោះ បានផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន លើប្រព័ន្ធដ្រូនយោធាធ្លាប់មានកន្លងមក។
យន្ដហោះគ្មានមនុស្សបើក ឬ ទូកគ្មានមនុស្សបើកវៃឆ្លាត ឬដ្រូន មានសមត្ថភាព នៅក្នុងការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកជាច្រើន នៅក្នុងពេលដំណាលគ្នា ហើយវាផ្តល់នូវឥទ្ធិពលទ្វេដងដល់កម្លាំងយោធាដ៏សំខាន់ នៅលើសមរភូមិ ហើយវាអាចចែករំលែកភារកិច្ចឡើងវិញ និង បន្តបេសកកម្ម ដោយមិនមានការរំខាន ហើយវាអាចសម្របខ្លួន និង កំណត់លើរចនាសម្ព័ន្ធរបស់ខ្លួនវាឡើងវិញយ៉ាងស្វាហាប់ ដើម្បីដោះស្រាយការផ្លាស់ប្តូរគោលដៅបេសកកម្ម ឬការគំរាមកំហែង។
បើតាមរយៈការប្រើប្រាស់ក្បួនដោះស្រាយ AI នោះ នឹងជួយឲ្យយន្តហោះគ្មានមនុស្សបើកវៃឆ្លាតនីមួយៗ អាចសម្រេចចិត្ត ដោយឯករាជ្យ ខណៈការសម្របសម្រួលជាមួយយន្តហោះគ្មានមនុស្សបើកផ្សេងៗទៀត ដោយអនុញ្ញាតឱ្យវាពង្រឹងនូវការយល់ដឹង អំពីស្ថានភាព និង សមត្ថភាព នៃការសម្រេចចិត្ត។
បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសចិន កំពុងតែក្លាយជាតួអង្គដ៏សំខាន់បំផុតមួយ នៅលើពិភពលោក នៅក្នុងការបង្កើតហ្វូងដ្រូនយោធាវៃឆ្លាត ប្រកួតប្រជែងជាមួយនឹងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន កងទ័ពរំដោះប្រជាជនចិន បាននិងកំពុងតែសាកល្បងយ៉ាងសកម្ម និង កែលម្អបច្ចេកវិទ្យាប្រភេទនេះ នៅក្នុងសេណារីយ៉ូផ្សេងៗ ដើម្បីស្វែងរកកម្មវិធីប្រកបដោយសក្តានុពលរបស់ខ្លួន នៅលើសមរភូមិ។
ស្របគ្នានេះ គម្រោងដ៏គួរឱ្យកត់សម្គាល់មួយ គឺការប្រមាញ់សមុទ្រ (Sea Hunting) កំពុងតែក្លាយជាគំនិតផ្តួចផ្តើមរបស់ចិន នៅក្នុងគោលបំណងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនឆ្លាតវៃ សម្រាប់ប្រតិបត្តិការកងទ័ពជើងទឹក។ គម្រោងរបស់ចិន កំពុងតែផ្តោតលើការដាក់ពង្រាយនាវាដ្រូនក្រោមទឹកស្វយ័ត អាចមានសមត្ថភាពតាមឃ្លាំមើល ការឈ្លបយកការណ៍ និង ប្រតិបត្តិការវាយលុក។
ស្របគ្នានេះដែរ សហរដ្ឋអាមេរិក ក៏កំពុងតែចូលរួមយ៉ាងសកម្ម ដើម្បីអភិវឌ្ឍ និង សាកល្បងដ្រូនឆ្លាតវៃ។ សកម្មភាពនេះ កំពុងតែក្លាយជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីរក្សានូវរក្សាឧត្តមភាពយោធា នៅលើពិភពលោក។ គំនិតផ្តួចផ្តើមដ៏គួរឱ្យកត់សម្គាល់មួយរបស់សហរដ្ឋអាមេរិក គឺ « Gremlins» ព្រោះវាវាជាកម្មវិធីរបស់ទីភ្នាក់ងារស្រាវជ្រាវកម្រិតខ្ពស់ការពារជាតិ (DARPA) ។ គម្រោង Gremlins (ហ្គ្រីមលីស៍)នេះ មានគោលបំណងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកតូចៗ អាចប្រើប្រាស់ឡើងវិញ អាចត្រូវបានដាក់ឱ្យដំណើរការ និង យកមកវិញពីយន្តហោះធំជាង នៅលើលំហអាកាស។ ដ្រូនឆ្លាវៃទាំងនេះ នឹងផ្តល់នូវប្រតិបត្តិការបន្ថែម និង ការតស៊ូ សម្រាប់បេសកកម្មផ្សេងៗទៀត។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ហើយនាយករដ្ឋមន្រ្ដីជប៉ុន បានសាទរ ចំពោះយុគសម័យថ្មី នៃភាពជាដៃគូត្រីភាគី ដោយបានប្រកាស អំពីវិធានការជាបន្តបន្ទាប់ នៅក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រ នៅជិតរដ្ឋធានីក្រុងវ៉ាស៊ីនតោន។ នេះបើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣។
ព្រឹត្ដិការណ៍ នៅឯ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រ បានកត់សម្គាល់ជាកិច្ចប្រជុំផ្លូវការលើកដំបូង រវាងលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និង សមាភាគីកូរ៉េខាងត្បូង លោក យូន ស៊ូក-យូល (Yoon Suk-yeol) ហើយនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida)។ មេដឹកនាំទាំង៣ប្រទេសនេះ មានការព្រួយបារម្ភយ៉ាង ជុំវិញរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែទាមទារយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជា ការបាញ់សាកល្បងកាំជ្រួចរបស់កូរ៉េខាងជើង កាលពីពេលថ្មីៗកន្លងទៅនេះ។
មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានថ្កោលទោស ចំពោះ«អាកប្បកិរិយាដ៏គ្រោះថ្នាក់ និង គឃ្លើន»របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង និង កម្មវិធីនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ថា «យើងមានសេចក្តីតាំងចិត្តនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាសន្តិសុខ នៅក្នុងតំបន់ ហើយពង្រឹងនូវការចូលរួមរបស់ឥណ្ឌូប៉ាស៊ីហ្វិក និង លើកកម្ពស់វិបុលភាពរួម»។
មេដឹកនាំប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៣នេះ បានប្រកាសអំពីគំនិតផ្តួចផ្តើម ដែលសហរដ្ឋអាមេរិក ជប៉ុន និង កូរ៉េខាងត្បូង បានអះអាង ថា នឹងធ្វើឱ្យទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត រួមទាំងសមយុទ្ធយោធាប្រចាំឆ្នាំ ហើយជំរុញយន្តការទំនាក់ទំនង រវាងប្រទេសទាំងបី និង ការបង្កើតប្រព័ន្ធព្រមានជាមុន អំពីខ្សែសង្វាក់ផ្គត់ផ្គង់។ ជាមួយនឹងការព្រួយបារម្ភ អំពីឥទ្ធិពលអស្ថិរភាព នៃការឈ្លានពានរបស់ចិន ទៅលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យ ស្របពេលក្រុងប៉េកាំង តែងតែអះអាង ថា ដែនកោះមួយនេះ ជាទឹកដីរបស់ចិន ក៏ដូចជា ការបង្កើននូវការបាញ់សាកល្បងកាំជ្រួច ពីកូរ៉េខាងជើង បានបង្កើនតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង៣នេះ៕










