ប្រទេសឡាវ ៖ គេហទំព័រផ្សព្វផ្សាយព័ត៌មានអាជីវកម្ម និងហិរញ្ញវត្ថុ Business News Asia បានធ្វើការវិភាគ និងបញ្ចេញយោបល់ពាក់ព័ន្ធនឹងក្រុមហ៊ុនឧស្សាហកម្ម និងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសផ្សេងៗនៅតំបន់អាស៊ី ។ គេហទំព័រនេះបានចាត់ចំណាត់ថ្នាក់ប្រាក់គីបរបស់ឡាវ ស្ថិតក្នុងចំណោមប្រាក់ដែលមានតម្លៃទាបបំផុតនៅលើពិភពលោក ។
ការចាត់ចំណាត់ថ្នាក់នេះ គឺមកពីប្រទេសឡាវមានសេដ្ឋកិច្ចធ្លាក់ចុះ ហើយត្រូវពឹងផ្អែកលើទំនិញនាំចូលយ៉ាងខ្លាំង ជំនួសឱ្យទំនិញផលិតនៅក្នុងស្រុក និងធ្វើឱ្យទុនបម្រុងអន្តរជាតិធ្លាក់ចុះជាលំដាប់ ។ ដូចគ្នានេះ ប្រាក់របស់ប្រទេសផ្សេងទៀតក៏មានតម្លៃទាបដែរ ដូចជា ប្រាក់ដុងរបស់វៀតណាម និងប្រាក់របស់អ៊ូសបេគីស្ថាន ហើយប្រាក់គីបរបស់ឡាវត្រូវបានគេចាត់ចំណាត់ថ្នាក់ជារូបិយប័ណ្ណមានតម្លៃទាបខ្លាំង ដោយសារហេតុផលជាច្រើន ។
ក្នុងអត្ថបទចេញផ្សាយកាលពីដើមខែសីហា ឆ្នាំ២០២៣ បង្ហាញថា ឡាវគឺជាប្រទេសតូចមួយដែលមានរបបសេដ្ឋកិច្ចចម្រុះតិចតួច ។ ដូច្នេះ នេះជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការធ្លាក់ថ្លៃប្រាក់គីប ហើយវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនុកចិត្តរបស់វិនិយោគិនបរទេសដែលមានសក្តានុពលទៀតផង ។ ប្រសិនបើគ្មានការចាត់វិធានការណាមួយដើម្បីពង្រឹងប្រាក់គីបទេនោះ វាអាចគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ចឡាវ និងធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគទុនពីក្រៅប្រទេស និងការធ្វើពាណិជ្ជកម្ម ។
ក្រៅពីនេះ ប្រទេសឡាវបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទិន្នផលកសិកម្មទៅក្រៅប្រទេស និងត្រូវពឹងផ្អែកលើពលករឡាវដែលទៅធ្វើការនៅក្រៅប្រទេស ។ បើតម្លៃទិន្នផលកសិកម្មរបស់ឡាវធ្លាក់ចុះ វានឹងធ្វើឱ្យប្រទេសនេះទទួលបានប្រាក់ចំណូលតិចជាងមុនពីការនាំចេញ ។ ដូចគ្នានេះដែរ បើចំនួនការផ្ញើប្រាក់មកប្រទេសឡាវរបស់ពលករឡាវធ្លាក់ចុះ ប្រាក់គីបនឹងរងផលប៉ះពាល់ដូចគ្នា ។
ទោះយ៉ាងណា ដើម្បីបង្កើនការផ្គត់ផ្គង់រូបិយប័ណ្ណបរទេសផ្សេងៗ និងតម្រូវការប្រាក់គីប កាលពីខែកក្កដា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីឡាវ លោក សនឆ័យ ស៊ីផាន់ដន បានចេញលិខិត១ច្បាប់ទៅកាន់ធនាគារឡាវ និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីឱ្យប្រាកដចិត្តថា អត្រាប្តូរប្រាក់បរទេសដែលទទួលបានតាមរយៈការនាំចេញផលិតផលទៅក្រៅប្រទេស និងការវិនិយោគពីក្រៅប្រទេស អាចចូលមកប្រទេសឡាវតាមរយៈប្រព័ន្ធធនាគារ ។ លើសពីនេះ ប្រទេសឡាវត្រូវបង្កើនការព្យាយាមគ្រប់ផ្នែកផងដែរ ដើម្បីពង្រឹងរូបិយប័ណ្ណជាតិរបស់ខ្លួន ៕ ប្រភព ៖ AEC connect










