ថ្មីៗនេះមហាជនអ្នកលេងបណ្តាញសង្គមផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងទាក់ទងនិងរឿងហេតុចំនួនពីរដែលអាចកើតឡើងយ៉ាងដូច្នេះ ដោយទី១នោះគឺជារឿង ផ្ទាំងផ្សាយពាណិជ្ជកម្មល្បែងស្ថិតនៅក្រុងប៉ោយប៉ែតទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែតតែម្តង និងទី២ ត្រីពីវ៉ាន់ញ៉ា (Piranha) ដែលជាសត្វត្រីកាចសាហាវស៊ីសាច់ជាអាហារអាចនាំចូលមកប្រទេសកម្ពុជា។
បន្ទាប់ពីមានប្រតិកម្មពីមហាជនយ៉ាងខ្លាំងក្លាទៅលើការផ្សព្វផ្សាយល្បែងដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មធំៗតែម្តងនៅតាមសាធារណនៅរសៀលថ្ងៃទី១៣ ខែសីហា ផ្ទាំងផ្សព្វផ្សាយល្បែងត្រូវបានរុះរើចេញហើយដែលផ្ទាំងផ្សាយពាណិជ្ជកម្មនេះស្ថិតនៅលើផ្លូវជាតិលេខ៥ ទល់មុខការិយាល័យគយនិងរដ្ឋាករប៉ោយប៉ែត។ ទន្ទឹមនឹងការចុះរុះរើនេះដែររដ្ឋបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ការដាក់ស្លាកផ្សាយពាណិជ្ជកម្មនេះ ពុំមានច្បាប់អនុញ្ញាតិ ឬស្នើសុំពីអាជ្ញាធរមានសមត្ថកិច្ចណាមួយឡើយ។ ការអនុវត្តចុះរុះរើនេះធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត។
អ្វីដែលជាចង្ងល់របស់ពលរដ្ឋតើហេតុអ្វីបានជាផ្ទាំងពាណិជ្ជកម្មល្បែងនេះអាចកើតឡើងបានបើពុំមានច្បាប់អនុញ្ញាតិត្រឹមត្រូវ តើបានក្រុមហ៊ុនណាជាអ្នកកាន់កាប់ម្តេចហ៊ានល្មើសច្បាប់យ៉ាងនេះដោយមិនកោតខ្លាចមន្រ្តីអាជ្ញាធរ មិនញញើតជាមួយអភិបាលខេត្តបន្ទាយមានជ័យទាល់តែសោះ ខណៈមានមតិពីពលរដ្ឋផ្សេងក៏លើកឡើងដែរថា ក្នុងដែនសមត្ថកិច្ចរបស់គួរតែមានចំណាត់ការឱ្យតឹងរឹងជាងនេះបន្តិចកុំទាល់តែពលរដ្ឋស្រែកបានមានចំណាត់ការ។
ករណីទី២នេះទៀតសោតគឺទាក់ទងនិងត្រីមានឈ្មោះថា ពីវ៉ាន់ញ៉ា (Piranha) ដែលជាត្រីកាចសាហាវស៊ីសាច់ជាអាហារតែបែរជាអាចនាំចូលនិងចែកចាយនៅប្រទេសកម្ពុជាបានទៅវិញ។
ល្ងាចថ្ងៃទី១៣ ខែសីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីវ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម៉្លេះ។ ម្ចាស់អាជីវកម្មបានធ្វើ កិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីរ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ។
ក្នុងលិខិតនោះដែររដ្ឋបាលជលផល អំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីវ៉ាន់ញ៉ា ឬប្រភេទ ត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីវ៉ាន់ញ៉ា ឬប្រភេទត្រីកាចសាហាវផ្សេងទៀតយកមកចិញ្ចឹម ឬចិញ្ចឹមលម្អ សូមរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប។ ចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ សូមកុំលែងចូលធម្មជាតិ តែត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត។.jpg)
ទោះយ៉ាងណា ពលរដ្ឋនៅតែមានចង្ងល់ដូចគ្នាតើប្រភេទត្រីខាងលើនេះអាចនាំចូលបានយ៉ាងដូច្នេះ? ក្នុងនោះពលរដ្ឋក៏បានលើកឡើងទៀតថា មានបណ្តាញសង្គមទើបអាចដឹងរឿងត្រីនេះនាំចូលមកបាន ចុះបើមិនបានដឹងតាមបណ្តាញសង្គមទេនឹងទៅជាយ៉ាងណា ចុះបើត្រីកាចសាហាវស៊ីសាច់នេះជាអាហារលែងចូលក្នុងបឹងបួរ ច្បាស់ជាបំផ្លាញធនធានធម្មជាតិជាមិនខាន៕










