ថ្មីៗនេះ តារាចម្រៀង Sandara Park អតីតសមាជិក 2NE1 បានបង្ហាញវត្តមានក្នុងឈុតខ្លីៗរបស់ Radio Star ដោយនៅក្នុង Trailer នោះតារាចម្រៀងមិនខ្ចីចាស់រូបនេះបង្ហើបថានាងប្រហែលរៀបការនៅឆ្នាំក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Koreaboo ថ្ងៃទី១១ សីហា។
ការប្រកាសរបស់ Sandara Park ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈតារារូបនេះទើបតែប្រកាសថាមិនរៀបការទេ តែ Sandara Park បានបកស្រាយយ៉ាងឆាប់រហ័សថានាងបានប្ដូរចិត្តហើយ។
កាលពីមុន តារាស្រីរូបនេះ ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធី YouTube មួយ ដែលនាងត្រូវបានគេសួរថា ហេតុអ្វីបានជានាងមិនរៀបការ? ហើយ Sandara បានបង្ហើបថា «ខ្ញុំមិនព្រមរៀបការទេ។ ខ្ញុំបានឃើញអាពាហ៍ពិពាហ៍ជាច្រើនបរាជ័យ»។
បន្ទាប់ពីប្រកាសបង្ហាញគោលជំហរមិនរៀបការហើយប្រកាសថាប្រហែលជារៀបការឆ្នាំក្រោយនេះធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងណាការប្រកាសផ្លាស់ប្តូរគោលជំហរខ្លួនឯងនេះអ្នកលេងបណ្តាញសង្គមកូរ៉េមួយចំនួនរិះគន់ Sandara Park ផង តែក៏មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ទៀតបានចេញមុខការពារ idol របស់ពួកគេផងដែរនិងថាជារឿងគួរឱ្យអស់សំណើចគ្រាន់តែផ្លាស់ប្តូរគោលគំនិតសោះក៏រិះគន់ដែរ៕










