ប្រទេសចិន ៖ បច្ចុប្បន្ន យុវវ័យចិនដែលមានសុខភាពរឹងមាំ ហើយមិនមែនជាជនពិការ បាននាំគ្នាជិះរទេះរុញអគ្គិសនីធ្វើជាយានជំនិះសម្រាប់ធ្វើដំណើរទៅកាន់ទីកន្លែងផ្សេងៗ ។ គេសង្កេតឃើញថា អ្នកដែលនិយមជិះរទេះរុញអគ្គិសនី មិនមែនមានចំនួនតិចតួចទេ ប៉ុន្តែពួកគេបានជិះជាក្បួនតែម្តងនៅតាមផ្លូវនានាក្នុងទីក្រុងក្វាងចូវ ។ ហេតុនេះ សម្រាប់កង់អាគុយវិញ មិនទទួលបានការពេញនិយមសម្រាប់ពួកគេទៀតទេ ។
យុវវ័យជាច្រើននាក់បាននិយមជិះរទេះរុញអគ្គិសនី ដោយសារនៅទីក្រុងក្វាងចូវបានចេញបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់កង់អាគុយក្នុងទីក្រុងនេះ ដូចជា ការហាមឃាត់កែច្នៃកង់អាគុយ, កំណត់រយៈពេលការប្រើប្រាស់ ព្រមទាំងកំណត់ល្បឿន និងចំណុចផ្សេងទៀត ។ ដូច្នេះ ការចេញបទប្បញ្ញត្តិដ៏តឹងរ៉ឹងនេះបានធ្វើឱ្យអ្នកជិះកង់អាគុយមិនសូវជាពេញចិត្ត ។
ក្រោយពីការចេញបទប្បញ្ញត្តិថ្មីមក បានធ្វើឱ្យអ្នកជិះកង់អាគុយប្តូរមកជិះរទេះរុញអគ្គិសនីជំនួសវិញ ពីព្រោះគេមិនទាន់បានចេញបទប្បញ្ញត្តិពីការប្រើប្រាស់រទេះរុញអគ្គិសនី និងការដាក់កំណត់ណាមួយគួរឱ្យបារម្ភនៅឡើយទេ ។ រទេះរុញអគ្គិសនី១គ្រឿងត្រូវបានគេដាក់លក់ក្នុងតម្លៃ៣.០០០យាន់ ហើយវាពេញនិយមបំផុតក្នុងចំណោមយុវវ័យចិន ។ ក្នុងរយៈពេល៦ខែនៃឆ្នាំ២០២៣ ចំនួនការបញ្ជាទិញរទេះរុញអគ្គិសនី បានកើនឡើងរហូតដល់៦០% ។
ទោះយ៉ាងណា គ្មានការបញ្ជាក់ពីសុវត្ថិភាពនៃការប្រើប្រាស់រទេះរុញអគ្គិសនីទេ ហើយប្រសិនបើវាក្លាយជាយានជំនិះសម្រាប់ការធ្វើដំណើរជាចម្បងនោះ ប្រាកដណាស់ថា វាអាចនឹងប៉ះពាល់ដល់ការធ្វើចរាចរនៅតាមផ្លូវបាន ៕ ប្រភព ៖ LIVE style










