ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមជ្រាបមកហើយករណី រ៉ូស ត្រូវគេធ្វើបាបក្រោយពីបានប្រើពាក្យសម្តីទៅលើម្ខាងទៀត។ ទោះយ៉ាងណា ការប្រើអំពើហិង្សាទៅលើ រ៉ូស ត្រូវបានលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយឈឺឆ្អាលបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈរឿងនេះបានបញ្ជូនទៅតុលាការហើយ។
នៅយប់ថ្ងៃទី៦ ខែសីហា តាមរយៈបណ្តាញសង្គមរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឱ្យដឹងថាករណីពាក្យបណ្តឹងរបស់រ៉ូសដែលត្រូវរងនូវអំពើហិង្សាបានបញ្ជូនទៅតុលាការហើយ។ លោកជំទាវ បញ្ជាក់យ៉ាងដូច្នេះថា «សំនុំរឿងដែលបានបញ្ជូនទៅដល់តុលាការហើយ មិនមាននរណាម្នាក់មានសិទ្ធអាចសម្រេចក្រៅពីលោកចៅក្រមនោះទេ។ យើងអាណិតភាគីម្ខាងៗជាសិទ្ធបុគ្គល តែប្រទេសមានច្បាប់ហើយមានដែនសមត្ថកិច្ចរៀងៗខ្លួន»។
ទោះយ៉ាងណា ក្រោយពីបញ្ជាក់ថាសំណុំរឿងរបស់ រ៉ូស បានបញ្ជូនទៅតុលាការនេះ មានគណនីហ្វេកប៊ុកមួយបានសរសេរទៅលោកជំទាវឧកញ៉ា នឹម វណ្ណ ថា «រឿងមានប្រយោជន៍ជាច្រើនបើអ្នកធំៗបែបនេះលូកដៃមិនដឹងល្អយ៉ាងណា : ឧទាហរណ៍ : ស្រូវមានតម្លៃទាប, ជ្រូកគ្មានតម្លៃល្អជារៀងរាល់ឆ្នាំនៅលើទីផ្សារ ហើយសមិទ្ធផលផ្សេងៗទៀតដែលជួយសង្គមមានច្រើនណាស់ មិចមិនជួយ មិចមិនបង្ហាញការបារម្ភផង។ល។ មិនមានជួយឈឺ ជួយដឹងឮរឿងចឹងៗហេ ចូលចិត្តណាស់រឿងបុគ្គល ម៉ាអារឿងមានទៅមានមកបែបហ្នឹង ហើយក៏មិនបានចំណេញអ្វីសោះសម្រាប់សង្គមពេលនេះ ឃើញតែរហេមរហាមទឹកភ្នែកឱ្យគេអាណិត តែអ្នកគួរអាណិតពិត មិនបង្ហាញការគិតគូរសោះ លោកៗជំទាវនិងឧកញ៉ា ហិង្សានរណាក៏មិនគាំទ្រ តែបើមាត់អ្នកមិនល្អគ្មាននរណាទៅទះមាត់អ្នកទេ»។
ការប្រើនូវពាក្យសម្តីរបស់បុគ្គលខាងលើនេះឈានចូលថ្ងៃទី៧ ខែសីហា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានឆ្លើយតប «ជូនចំពោះ Virak Seap អូនគិតថាការជួយមនុស្សជាការចំណាយពេលអត់ប្រយោជន៍មែនទេ??ចឹងមានន័យថាអូនមើលងាយសមត្ថកិច្ចនិងស្ថាប័នតុលាការទាំងមូល និងបានមើលងាយដល់គោរម្យងារដែលព្រះមហាក្សត្របានតាំងតែងអោយបងផងដែរ។ កិច្ចការសង្គមបងបានចូលរួមក៏មិនតិចជាងអូន ហើយបញ្ហាសង្គមមានរាជរដ្ឋាភិបាលក៏ដូចជាបងប្អូនគ្រប់លំដាក់ថ្នាក់បានចូលរួមគ្នាកសាងនិងដោះស្រាយបញ្ហានានា»។
លោកជំទាវ បន្តថា «ខ្ញុំមិនបានអង្គុយចុចទូរស័ព្ទត្រឹមចេះតែសរសេរហើយគ្មានសកម្មភាពក្នុងការជួយសង្គមនោះឡើយ។ ស្វាគមន៍ការចូលរួមដោះបញ្ហាដែលប្អូនលើកឡើងខាងលើ ក៏សង្សឹមថាអូនអាចចូលរួមច្រើនជាងនេះ ក្នុងកិច្ចការសង្គម ចៀសជាងការងារដែលត្រឹមតែចេះទិតៀនជាន់ពន្លិច ។ ការប្រព្រឹត្តអំពើហិង្សានិង គាំទ្របុគ្គលប្រើប្រាស់អំពើហិង្សានានា បងមិនគាំទ្រនោះឡើយ។ សូមអរគុណនៅការស៊ែរនិងខមមិន»៕










