ប្រទេសថៃ ៖ ការផ្អាកនាំចេញអង្កររបស់ឥណ្ឌាទៅក្រៅប្រទេស ខណៈប្រទេសជាច្រើនទៀតបានបង្កើនការត្រៀមទុកអង្ករ ដោយសារបារម្ភពីបាតុភូតអេលនីណូ បានជំរុញឱ្យតម្លៃអង្ករកើនឡើងខ្ពស់ ។ ជាក់ស្តែង គេសង្កេតឃើញថា នៅតាមទីផ្សារនានាក្នុងប្រទេសថៃ អាជីវករលក់អង្ករបានផ្លាស់ប្តូរស្លាកសញ្ញាតម្លៃអង្កររបស់ពួកគេ ក្រោយពីតម្លៃអង្ករកើនឡើង ។
អាជីវករលក់អង្ករនៅប្រទេសថៃនិយាយថា ពួកគេទើបតែដំឡើងថ្លៃអង្ករចាប់ពី១បាត ទៅ២បាតក្នុង១គីឡូក្រាម នៅដើមខែសីហា ឆ្នាំ២០២៣ ។ ការលក់អង្ករថ្លៃជាងមុននេះ ដោយសារពួកគេបានចំណាយដើមទុនខ្ពស់ទាំងការទិញចូលអង្ករស និងអង្ករផ្លាម្លិះ ។
តាមការសង្កេតឃើញថា តម្លៃលក់អង្កររបស់ហាងនីមួយៗមិនដូចគ្នាទេនៅប្រទេសថៃ ប៉ុន្តែហាងលក់អង្ករភាគច្រើនបានដំឡើងថ្លៃមិនលើសពី២បាតក្នុង១គីឡូក្រាម ។ អង្ករខ្សាយទូទៅមានតម្លៃចាប់ពី២១បាត ទៅ២៦បាតក្នុង១គីឡូក្រាម ចំណែកអង្ករផ្កាម្លិះមានតម្លៃចាប់ពី៣០បាត ទៅ៤៥បាត ។
លោក Yongyut Pruekmahadamrong នាយកសមាគមសហគ្រិនអង្ករថៃលើកឡើងថា ប្រទេសថៃត្រៀមដំឡើងថ្លៃអង្ករច្រកថង់ទម្ងន់៥គីឡូក្រាម និងកាត់បន្ថយការផ្សព្វផ្សាយបញ្ចុះតម្លៃអង្ករ ក្រោយពីការចំណាយដើមទុនកើនឡើង ។ នៅដើមខែសីហា ឆ្នាំ២០២៣ រោងម៉ាស៊ីនកិនស្រូវបានប្រកាសដំឡើងថ្លៃអង្ករស ចាប់ពី១៦បាត ទៅ២០បាតក្នុង១គីឡូក្រាម ឬកើនឡើង៤បាតក្នុង១គីឡូក្រាម ដោយសារតម្លៃអង្ករនៅលើទីផ្សារពិភពលោកកើនឡើង ។
ចំណែកអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបញ្ជាក់ថា បើតាមការតាមដានស្ថានការណ៍តម្លៃអង្ករច្រកថង់ឃើញថា នៅមិនទាន់មានការដំឡើងថ្លៃទេ ដោយអង្ករផ្កាមិ្លះច្រកថង់មានទម្ងន់៥គីឡូក្រាម គឺមានតម្លៃជាមធ្យម២១០បាត ចំណែកអង្ករសច្រកថង់មានទម្ងន់៥គីឡូក្រាមដូចគ្នា មានតម្លៃជាមធ្យម១១៧បាត ។
ទោះយ៉ាងណា តម្លៃអង្ករកើនឡើងនៅដើមខែសីហា ឆ្នាំ២០២៣ វាធ្វើឱ្យកសិករថៃទទួលបានផលប្រយោជន៍ ។ ចំណែកស្រូវទូទៅមានតម្លៃ១១.៥០០បាតក្នុង១តោន ខណៈស្រូវពូជផ្កាមិ្លះមានតម្លៃ១៥.០០០បាតក្នុង១តោន ៕ ប្រភព ៖ Mono News










