សហរដ្ឋអាមេរិក ៖ គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗបានកើតឡើងដោយសារការល្មើសច្បាប់ ដូចជា ការបើកបរយានជំនិះក្នុងល្បឿនលឿន និងការបើកបរក្នុងពេលស្រវឹងជាដើម ហើយវាតែងកើតឡើងនៅតាមបណ្តាប្រទេសនានាលើពិភពលោក ។ ជាក់ស្តែង មានក្មេងស្រីអាមេរិកម្នាក់បានលួចយករថយន្តឪពុកម្តាយរបស់នាងមកបើកបរនៅតាមផ្លូវជាមួយមិត្តភក្តិ ហើយបង្កគ្រោះថ្នាក់បណ្តាលឱ្យរថយន្តខូចខាតធ្ងន់ធ្ងរ និងធ្វើឱ្យខូចខាតដល់រថយន្តអ្នកដទៃទៀតផង ។
ទំព័រហ្វេសប៊ុករបស់ប៉ូលិសប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ឈ្មោះ Santa Rosa Police បានបង្ហោះរូបភាពរថយន្ត Tesla ១គ្រឿងបានខូចខាតទាំងស្រុង ព្រមទាំងសរសេរអំពីរឿងរ៉ាវដែលកើតឡើងថា អ្នកបង្កគ្រោះថ្នាក់លើកនេះ គឺជាយុវវ័យមានអាយុត្រឹម១៣ឆ្នាំប៉ុណ្ណោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដោយមានរថយន្ត Tesla ១គ្រឿងពណ៌ខ្មៅបានខូចខាតយ៉ាងធ្ងន់ធ្ងរក្បែរបង្គោលភ្លើងមួយកន្លែងនៅតាមផ្លូវ King និង Howard ។ ប៉ុន្តែសំណាងល្អ យុវវ័យចំនួន៣នាក់នៅក្នុងរថយន្តរងរបួសបន្តិចបន្តួចប៉ុណ្ណោះ និងអាចដើរចេញពីរថយន្តដោយខ្លួនឯងបាន ។
ក្មេងស្រីម្នាក់អាយុ១៣ឆ្នាំ ប្រាប់ថា នាងបានយករថយន្តរបស់ឪពុកម្តាយ មកបើកបរដោយពុំទទួលបានការអនុញ្ញាត ហើយនាងក៏បាត់បង់ការគ្រប់គ្រងរថយន្ត និងមិនអាចបញ្ជារថយន្តបានទេ រហូតដល់វាជ្រុលទៅបុកបង្គោលភ្លើងនៅតាមផ្លូវ ។ លើសពីនេះ នាងក៏បានបើករថយន្តទៅបុករថយន្តចំនួន៣គ្រឿងផ្សេងទៀតដែលចតនៅក្បែរនោះ ។
ក្រោយមក អាជ្ញាធរបានបញ្ជូនខ្លួនក្មេងបង្កហេតុទាំងអស់ទៅពិនិត្យរកជាតិអាល់កុល ព្រមទាំងហៅអាណាព្យាបាលមកដោះស្រាយបញ្ហានេះ ។ អាជ្ញាធរបានសាកសួររកមូលហេតុដែលបង្កឱ្យកើតគ្រោះថ្នាក់ និងមានអ្នកដទៃពាក់ព័ន្ធជាមួយហេតុការណ៍នេះឬក៏អត់ ៕ ប្រភព ៖ khaosod










