ប្រទេសវៀតណាម ៖ វៀតណាមបានរៀបចំគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ម្ហូបអាហារ (Culinary Tourism) ឱ្យក្លាយជាផលិតផលយុទ្ធសាស្ត្រថ្មីរបស់ប្រទេស ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍសមត្ថភាពប្រកួតប្រជែង និងវិស័យទេសចរណ៍ ។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើនដែលបានមកកម្សាន្តនៅប្រទេសវៀតណាម ពួកចូលចិត្តបរិភាគអាហារវៀតណាម និងសរសើរថា មានមន្តស្នេហ៍ ។
ភ្នាក់ងារទេសចរណ៍ជាតិវៀតណាមបានលើកឡើងពាក់ព័ន្ធនឹងកិច្ចសហការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការធ្វើម្ហូបអាហារ និងផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ពិភពលោកឱ្យគេបានស្គាល់ តាមរយៈគម្រោង «ការបង្ហាញវត្ថុធាតុដើមនៃគ្រឿងផ្សំ និងការធ្វើម្ហូបអាហារវៀតណាមជាច្រើនមុខ» ។ ការបង្កើតគម្រោងនេះឡើង គឺក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះដល់ម្ហូបអាហារជាច្រើនមុខ និងគុណតម្លៃវប្បធម៌ផ្សេងៗរបស់ប្រទេស ។
គម្រោងនេះនឹងផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីឱ្យតំបន់ផ្សេងៗរបស់វៀតណាមអាចបង្ហាញព័ត៌មានអំពីផលិតផលម្ហូបអាហាររបស់ពួកគេក្នុងប្រព័ន្ធផ្សព្វផ្សាយរួមគ្នា ។ តាមរយៈវិធីនេះ គេនឹងបង្កើតផែនទីឌីជីថលសម្រាប់ទីតាំងម្ហូបអាហារ និងកន្លែងលក់អាហារនៅតាមខេត្តផ្សេងៗនៅទូទាំងប្រទេស ។
ពិធីបុណ្យអាហារអន្តរជាតិមានឈ្មោះថា «Quang Nam 2023» នឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្ត Quang Nam ។ គេរំពឹងថា ពិធីនេះនឹងជួយអភិរក្ស លើកកម្ពស់ និងប្រើប្រាស់ប្រយោជន៍គុណតម្លៃផ្នែកវប្បធម៌ ការធ្វើម្ហូបអាហារ និងដំណើរកម្សាន្តយ៉ាងមានប្រសិទ្ធភាព ។ ក្រៅពីនេះ នៅក្នុងពិធីក៏មានការបង្ហាញអាហារបុរាណរបស់ខេត្ត Quang Nam ចំនួន២៦មុខ ។
ចំណែកខេត្តផ្សេងៗនៅទូទាំងប្រទេសវៀតណាម ក៏បានរៀបចំកម្មវិធីលើកកម្ពស់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ដូចគ្នាដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិឱ្យមកកម្សាន្តនៅវៀតណាមក្នុងរដូវក្តៅ ៕ ប្រភព ៖ AEC connect










