តារាសម្តែងវ័យក្មេងគ្រងតំណែងតួឯកជាច្រើនរឿង រចនា រ៉ាវ៉ាឌី អត់ទ្រាំពុំបានអ្នកដែលចូលចិត្តយកពេលវេលាវែកញែករឿងអាយុរបស់នាងក្នុងថ្ងៃខួបកំណើតពីរឆ្នាំជាប់គ្នាមកនេះរហូតនាងដាក់ទៅវិញផាំងៗលែងទុកមុខឱ្យតទៅទៀតស្តាប់ហើយអ្នក Bully នាងអាចឆ្អែតបាយក៏ថាបាន។
កាលពីពេលថ្មីនេះៗតារាសម្តែង រចនា រ៉ាវ៉ាឌី បានប្រារព្ធខួបកំណើតគម្រប់២៣ឆ្នាំយ៉ាងរីករាយជាមួយក្រុមគ្រួសារនិងមិត្តជិតស្និទ្ធិនៅផ្ទះលំហែផ្ទាល់ខ្លួន។ យ៉ាងណាមិញ ការបញ្ជាក់ពីអាយុថាឆ្នាំនេះមានវ័យ២៣ឆ្នាំ រចនា រ៉ាវ៉ាឌី ត្រូវរងនៅពាក្យសើចចំអករឿងអាយុមិនសមនិងមុខម្តងទៀតនៅថ្ងៃខួបកំណើត ខណៈឆ្នាំទៅមិញនាងក៏ទទួលពាក្យទាំងនោះផងដែរ។
លែងទុកក្នុងចិត្តតទៅទៀត រចនា រ៉ាវ៉ាឌី បានដាក់ទៅវិញផាំងៗទៅអ្នកចូលចិត្តវែកញែករឿងអាយុនាងផងដែរ។ ស្រីស្រស់រូបនេះបានសរសេរនៅលើបណ្តាញសង្គមនៅទី២ ខែសីហា ថា «ផ្ញើទៅកាន់អ្នកដែលជួយវែកញែករឿងអាយុខ្ញុំបន្តិច អរគុណដែលចាប់អារម្មណ៍ពីរូបរាងមុខមាត់របស់ខ្ញុំ អរគុណដែលទុកខ្ញុំជាទីចាប់អារម្មណ៍របស់អ្នក
អរគុណដែលចំណាយពេលវេលាវែកញែកពីខ្ញុំ ចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ខ្ញុំ មិនសម្រាប់ខ្លួនឯងធ្វើឱ្យខ្ញុំមានពេលវេលាអភិវឌ្ឍខ្លួនឯងជាងអង្គុយវែកញែកជីវិតអ្នកដទៃ។ ធ្វើម៉េចទេបើកើតមកមានអាយុតិចប៉ុន្តែចាស់ជាងបងៗអោយបងៗហៅចែសុំទោសផងណាថាខ្ញុំក៏មិនចង់ដែរនិយាយទេគ្រាន់តែចង់អរគុណបងៗដែលចាប់អារម្មណ៍មុខមាត់របស់ខ្ញុំតែបើជ្រុលតែចំណាយពេលវែកញែកពីមុខមាត់អាយុវ័យខ្ញុំហើយជួយទៅចាប់អារម្មណ៍ background ពីក្រោយខ្នងខ្ញុំផង អរគុណថាមិនចង់អរគុណទេតែទ្រាំមកពីរឆ្នាំហើយ ២២ ក៏ចឹង២៣ ក៏ចឹង ហើយសួរថាឃើញគេនៅក្រៅនៅនឹង»។
គួរបញ្ជាក់ផងដែរថា រចនា រ៉ាវ៉ាឌី គឺជាតារាស្រីមួយរូបស្ថិតក្រោមផលិតកម្មសាស្រ្តាហ្វីម និងបានគ្រងដំណែងតួឯកជាច្រើនរឿង។ បន្ថែមពីលើនេះ តួឯកស្រីរូបនេះក៏ធ្លាប់សម្តែងរឿងប្រភេទស្រីស្រលាញ់ស្រីផងដែរ។ ការងារក្នុងអាជីពសិល្បៈក៏រលូននាប៉ុន្មានឆ្នាំចុងក្រោយនេះ រចនា រ៉ាវ៉ាឌី បានបើកហាងលក់សំលៀកបំពាក់ផ្ទាល់ខ្លួននិងបានដើរលេងក្រៅប្រទេសទិញរបស់ប្រ៊េនៗបំពេញក្តីសុខខ្លួនឯងយ៉ាងស៊ីវីល័យ៕










