ប្រទេសចិន ៖ កាលពីខែចុងខែកក្កដា ឆ្នាំ២០២៣ សារព័ត៌មានចិនបានផ្សព្វផ្សាយវីដេអូពីការដេញថ្លៃទុរេនដែលបានដាំដុះនៅខេត្តហៃណានជាលើកដំបូង ហើយមានអ្នកចាប់អារម្មណ៍ប្រជែងគ្នាចំណាយប្រាក់ដ៏ច្រើនដើម្បីទិញទុរេន១ផ្លែ ។ កាលពីប្រមាណ៤ឆ្នាំមុន កសិករចិនបានចាប់ផ្តើមសាកល្បងដាំទុរេននៅទីក្រុង Sanya ខេត្តហៃណាន ហើយនៅឆ្នាំ២០២៣នេះ ទុរេនក៏ចាប់ផ្តើមផ្តល់ផលលើកដំបូង និងត្រូវបានគេលក់ទៅតាមទីផ្សារនានា ។
ក្រុមកសិករចិនក៏បានរៀបចំការដេញថ្លៃទុរេនដើម្បីអបអរសាទរឱកាសទុរេនចេញផ្លែលើកដំបូង ហើយមានការបង្ហោះវីដេអូក្នុងបណ្តាញសង្គម និងមានអ្នកចែកចាយច្រើននៅក្នុង TikTok ។ គេសង្កេតឃើញថា មានអ្នកចាប់អារម្មណ៍ប្រជែងគ្នាទិញទុរេន១ផ្លែដែលមានទម្ងន់៦,៩១គីឡូក្រាមក្នុងកម្មវិធីដេញថ្លៃមួយ គឺចាប់ពីតម្លៃដំបូងចំនួន៨៨៨យន់ រហូតដល់តម្លៃ៣០ម៉ឺនយន់ ។
ចុងក្រោយ សូម្បីតែអ្នករៀបចំការដេញថ្លៃ ក៏ស្រឡាំងកាំងដែរ ដោយសារមានអ្នកចាប់អារម្មណ៍ហ៊ានចំណាយប្រាក់ដ៏ច្រើនដើម្បីទិញទុរេន១ផ្លែ ។ ចុងក្រោយ ទុរេនខាងលើមានតម្លៃរហូតដល់៣៨៨.៨៨៨យន់ (ប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក) ហើយនៅពេលគ្មានអ្នកណាហ៊ានឱ្យតម្លៃលើសនេះ អ្នករៀបចំការដេញថ្លៃ ក៏បានគោះតម្លៃចំនួន៣ដងដើម្បីបញ្ចប់ការដេញថ្លៃ ។ អ្នកដេញថ្លៃផ្សេងទៀត និងអ្នកមកចូលរួមកម្មវិធីក៏បានចូលរួមសម្តែងក្តីរីករាយជាមួយសេដ្ឋីចិន ដែលហ៊ានចំណាយប្រាក់ដ៏ច្រើនមហាសាលទិញទុរេននេះ ។
កាលពីខែមីនា ឆ្នាំ២០២៣ ស្ថានីយទូរទស្សន៍ចិន CCTV បានផ្សព្វផ្សាយថា ទុរេនដែលដាំនៅខេត្តហៃណាននឹងចេញផ្លែ ហើយអាចលក់នៅលើទីផ្សារនៅខែមិថុនា ឆ្នាំ២០២៣ ។ តាមទិន្នន័យនៅខែមីនា បង្ហាញថា ទីក្រុង Sanya មានផ្ទៃដីដាំទុរេនប្រមាណ៩៣ហិកតា ។
ស្ថានីយទូរទស្សន៍ CCTV ផ្សាយថា កសិករចិនបានព្យាយាមដាំទុរេនអស់រយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែអត្រារស់រានរបស់ដើមទុរេននៅប្រទេសចិនមានកម្រិតទាបខ្លាំង រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិនបានសហការជាមួយប្រទេសក្នុងតំបន់អាស៊ាន និងស្ថាប័នស្រាវជ្រាវជាច្រើនរបស់ចិន ដើម្បីដោះស្រាយបញ្ហានេះ ។ លទ្ធផលការសហការលើផ្នែកដាំដុះបានជួយឱ្យអត្រាការរស់រានរបស់ដើមទុរេននាពេលបច្ចុប្បន្ន កើនឡើងដល់៩៨% ។
ទោះយ៉ាងណា សារព័ត៌មាន South China Morning Post បានរាយការណ៍កាលពីខែមិថុនា ឆ្នាំ២០២៣ ថា ទិន្នផលទុរេនចិនទាបជាងការរំពឹងទុក ។ ចំណែកអ្នកជំនាញប៉ាន់ស្មានថា នៅឆ្នាំ២០២៣ ប្រទេសចិននឹងប្រមូលផលទុរេនបានប្រមាណ៥០តោន ខណៈអត្រាការទិញទុរេនរបស់ពលរដ្ឋចិននៅឆ្នាំនេះ នឹងកើនឡើងដល់១លានតោន ៕
ប្រភព ៖ MGRonline Live










