ក្រសួងសាធារណការ បានចេញសេចក្តីប្រកាសផ្អាកដំណើរការបណ្តោះអាសន្នផ្លូវជាតិលេខ 76A មណ្ឌលគិរី-ភ្នំពេញត្រង់គីឡូម៉ែត្រលេខ៩៤+០០០ ដល់៩៤+១៥០។
ការសម្រេចផ្អាកចរាចរណ៍នេះ ក៏ដោយសារតែកាលពីម៉ោង៥ៈ៤០នាទីល្ងាច នាថ្ងៃ១ ខែសីហា ឆ្នាំ២០២៣ មានហេតុការណ៍ ប្រេះស្រុតផ្លូវ ជ្រេលទៅជ្រោះ ទៅផ្នែកខាងស្តាំដៃនៃផ្លូវ នៅក្នុងទិសដៅពីស្រុកកែវសីមា ទៅស្រុកអូររាំង នៃខេត្តមណ្ឌលគិរី។
ហេតុដូច្នេះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ក្រសួងសាធារណការសូមធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តធន់ធ្ងន់ ដែលធ្វើដំណើរចេញពីមណ្ឌលគិរី ឆ្ពោះមកភ្នំពេញ។
ទន្ទឹមគ្នានេះដែរ ក្រសួងស្នើឱ្យបងប្អូនដែលចង់ទៅមណ្ឌលគិរី អាចធ្វើដំណើរតាម ក្រចេះ ស្ទឹងត្រែង និងរតនៈគិរីបាន ដោយគ្រាន់តែចំណាយពេលវាលារៀងយូរបន្តិច៕










