ទឹកធ្លាក់ឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទឹកធ្លាក់នេះ មានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុងកំពត ដោយយើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទប្រហែល ៧ គីឡូម៉ែត្រ និង ត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រ ទៀតទើបទៅដល់។
ទឹកធ្លាក់ឱម៉ាល់ជាតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ស្រស់ស្អាត ក៏ប៉ុន្តែពុំសូវមានអ្នកស្គាល់នោះទេ។ នៅតាមផ្លូវចូលទឹកធ្លាក់នេះយើងនឹងបានទស្សនានូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា។
ពេលទៅដល់ទីនោះ ភ្ញៀវទេសចរណ៍នឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍៕











