ទឹកអប់ គឺជារបស់ចាំបាច់មួយដើម្បីបង្កើនភាពទាក់ទាញសម្រាប់មនុស្សទូទៅ ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមានបញ្ហាជាមួយនឹងក្លិនទឹកអប់ ដោយសារក្លិនក្រអូបនៃទឹកអប់នោះមានត្រឹមតែរយៈពេលខ្លី។ ដូច្នេះហើយថ្ងៃនេះ KBN News សូមណែនាំប្រិយមិត្តពីវិធីបាញ់ទឹកអប់ឱ្យក្រអូបជាប់ពេញមួយថ្ងៃ ដែលមានដូចខាងក្រោម៖
១.ជ្រើសរើសទឹកអប់ដែលមានគុណភាពល្អ៖ ទឹកអប់ដែលមានគុណភាពល្អជាធម្មតាមានកំហាប់ខ្លាំងនៃប្រេងសំខាន់ៗ ដែលធ្វើឱ្យក្លិនក្រអូបជាប់បានយូរជាងទឹកអប់ដែលមានសារធាតុសំយោគ និងប្រើប្រាស់បានយូរជាងទឹកអប់ធម្មតាទូទៅ។
២.លាប ឬបាញ់ទឹកអប់នៅកន្លែងដែលត្រឹមត្រូវ៖ កន្លែងដែលត្រូវលាប ឬបាញ់ទឹកអប់នោះគឺជាសរសៃឈាមសំខាន់ៗដែលនៅជិតស្បែកដូចជា កដៃ, កែងដៃ, ក, និងខាងក្រោយត្រចៀក ដែលជាហេតុធ្វើឱ្យក្លិនក្រអូបសាយភាយ និងយូរអង្វែង។
៣.កុំបាញ់កន្លែងមានញើសច្រើន៖ ប្រសិនបើអ្នកមានបញ្ហាក្លិនខ្លួន សូមកុំបាញ់ទឹកអប់កន្លែងមានញើសច្រើនដូចជាក្លៀកជាដើម បើអ្នកបាញ់កន្លែងមានញើសច្រើនពេលក្លិនក្រអូប និងក្លិនញើសបញ្ចូលគ្នាវារឹតតែធ្វើឱ្យមានក្លិនអាក្រក់លើសដើម។
៤.ងូតទឹកជាមុនសិន៖ ជម្រើសដ៏ល្អបំផុតនោះ គឺការងូតទឹកក្ដៅឧណ្ណៗ ព្រោះវាអាចសំអាតស្បែក និងបើករន្ធញើសជាពិសេសវាជាមូលដ្ឋានល្អសម្រាប់បាញ់ទឹកអប់ និងគ្មានជាតិកង្វក់។
៥.បាញ់ពីចម្ងាយ៖ បើចង់ឱ្យក្លិនទឹកអប់របស់អ្នកក្រអូបពេញមួយថ្ងៃនោះ គឺត្រូវបាញ់ពីចម្ងាយដោយសារក្លិនរបស់វានឹងសាយភាយពេញរាងកាយហើយក្រអូបបានយូរ៕ ប្រភព៖sanook










