ប្រទេសថៃ ៖ បច្ចុប្បន្ន មានអ្នកកើតជំងឺគ្រុនឈាមជាង៤ម៉ឺននាក់ហើយនៅប្រទេសថៃ ក្នុងចំណោមនោះ អ្នកជំងឺភាគច្រើនមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ។ ក្រសួងសុខាភិបាលថៃបានប្រកាសទៅកាន់មន្ទីរពេទ្យនានាហាមចេញវេជ្ជបញ្ជាថ្នាំប្រភេទ Nsaid ទៅឱ្យអ្នកជំងឺដែលមានអាការៈក្តៅខ្លួន ដោយសារបារម្ភពីផលប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺគ្រុនឈាម ។
កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមក លោកវេជ្ជបណ្ឌិត Opas Karnkawinpong មន្ត្រីក្រសួងសុខាភិបាលប្រទេសថៃ បានលើកឡើងថា ស្ថានការណ៍ជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ននេះ គឺមានអ្នកជំងឺជាង៤ម៉ឺននាក់ និងស្លាប់ជាង៤០នាក់ ហើយភាគច្រើនជាក្រុមមនុស្សមានអាយុចាប់ពី១៥ឆ្នាំឡើង និងច្រើនជាងក្មេងតូច ។ គេសង្កេតឃើញថា អ្នកស្លាប់ប្រមាណ១០% បានទទួលទានថ្នាំអាស្ពេរីន ឬថ្នាំបំបាត់ការឈឺចាប់ប្រភេទ Nsaid ដូចជា ថ្នាំ Ibuprofen ជាដើម ដែលវាបណ្តាលឱ្យពួកគេងាយហូរឈាម និងឈានដល់ការស្លាប់ ។
លោកវេជ្ជបណ្ឌិត Opas បញ្ជាក់ថា មុខសញ្ញាចាប់ផ្តើមនៃជំងឺគ្រុនឈាម រួមមាន ក្តៅខ្លួន ក្អួតចង្អោរ និងឈឺពោះជាដើម ហើយគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យណាស់ ដែលវាខុសគ្នាពីជំងឺផ្សេងៗ ដូចជា គ្រុនផ្តាសាយ ។ ហេតុនេះ សូមឱ្យបងប្អូនពលរដ្ឋថៃទាំងអស់ប្រុងប្រយ័ត្នដោយថែរក្សាសុខភាពឱ្យបានល្អ និងមិនទិញថ្នាំទាំងនេះមកទទួលទាន ។ យើងបានណែនាំទៅកាន់មន្ទីរពេទ្យនានា និងគ្រូពេទ្យថា ប្រសិនបើអ្នកជំងឺមានគ្រុនក្តៅ និងមិនជ្រាបពីមូលហេតុច្បាស់លាស់នោះ ត្រូវចៀសវាងកុំផ្តល់ថ្នាំប្រភេទ Nsaid ឱ្យសោះ ហើយបើរោគសញ្ញាមិនប្រសើរឡើងទេ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យម្តងទៀត ។
លោកវេជ្ជបណ្ឌិតបន្តថា សម្រាប់ការប្រកាសពីតំបន់ណាដែលមានជំងឺគ្រុនឈាមឆ្លងរាតត្បាត គឺទាល់តែនៅតំបន់នោះមានជំងឺឆ្លងរាលដាលខ្លាំង រហូតដល់ខ្វះឧបករណ៍ប្រើប្រាស់នៅក្នុងតំបន់ ឬខេត្ត ហើយខេត្តពិបាកទប់ទល់នឹងស្ថានការណ៍ ដូចជា ខ្វះខាតថវិកា ខ្វះថ្នាំព្យាបាល ខ្វះគ្រូពេទ្យ ឬតំបន់នោះចាំបាច់ត្រូវចំណាយថវិកាពិសេស ។ ដូច្នេះ តំបន់នោះត្រូវរាយការណ៍ទៅអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺដើម្បីពិចារណា ហើយយើងនឹងអាចប្រកាសនៅតាមភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីឱ្យពួកគេបង្កើនការទប់ស្កាត់ជំងឺនេះ ៕ ប្រភព ៖ Thai PBS










