អតីតតារាចម្រៀង និងជាតារាសម្តែងដ៏ល្បីលោក Kris Wu ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា Wu Yi Fan និងជាអតីតសមាជិកក្រុម EXO បានបង្ហាញខ្លួនជាថ្មីម្តងទៀតនៅក្នុងតុលាការ ដើម្បីចូលមកដោះស្រាយនិងប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសខ្លួន។
កាលពីឆ្នាំ ២០២១ អតីតតារា K-pop លោក Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ១០ ខែ ពីបទរំលោភបំពានផ្លូវភេទ និងបៀតបៀនអនីតិជន ដោយប្រើឥទ្ធិពលបោកប្រាស់ទំនុកចិត្តបំផ្លាញអនាគតក្មេង។ នៅឆ្នាំដដែលនោះ លោក Kris Wu ក៏បានបដិសេធនូវការចោទប្រកាន់ទាំងអស់។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំ យោងតាមច្បាប់តុលាការដំបូងក្រុងប៉េកាំង បានចេញសេចក្តីសម្រេចទាក់ទងនឹងករណីរំលោភសេពសន្ថវៈដោយបានកាត់ទោសលោក Kris Wu ឱ្យជាប់ពន្ធនាគារបន្ថែមទៀតរយៈពេល ១១ ឆ្នាំ ៦ ខែ បូករួមទាំងការនិរទេសផងដែរ។
យោងតាមប្រភពព័ត៌មាន Koreaboo កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្មីៗនេះ Kris Wu បានបង្ហាញខ្លួននៅតុលាការក្នុងទីក្រុងប៉េកាំង ដើម្បីប្តឹងឧទ្ធរណ៍ចំពោះសាលក្រមតុលាការដែលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារសរុប ១៣ឆ្នាំ។
ដូច្នេះហើយបច្ចុប្បន្ននេះ មានសេចក្ដីរាយការណ៍មួយទាក់ទងនឹងសំណុំរឿងរបស់តុលាការ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ដើម្បីរក្សាការសំងាត់ និងការពារឯកជនភាពរបស់ជនរងគ្រោះ។ មិនតែប៉ុណ្ណោះ សាលក្រមឧទ្ធរណ៍ នឹងត្រូវបង្ហាញក្នុងពេលខាងមុខឆាប់ៗនេះ៕










