នៅប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញមានការបង្ហោះវីដេអូមួយ ដែលឃើញមនុស្សមួយក្រុមបានរាំ និងម្នាក់កាន់ស្រាផឹកពេញៗដៃ អ្នកខ្លះទៀតកាន់បារីជក់ នៅមុនកន្លែងសែនលោកយាយម៉ៅពេជ្យនិល ដោយបានអបជាមួយខ្លឹមសារថា៖”បួងសួងនៅអាស្រមលោកជំទាវម៉ៅពេជ្យនិល”។

ការធ្វើបែបនេះ​ បានបង្កការងឿងឆ្ងល់ជាខ្លាំង ដែលលេងបណ្តាញសង្គមជាច្រើនសម្តែងការរិះគន់ដោយអ្នកខ្លះលើកឡើងថា៖”កោតតែទៅរួច” និងអ្នកខ្លះទៀតថា” ការធ្វើដូច្នេះហាក់មិនឱ្យតម្លៃដល់លោកយាយម៉ៅ និងបង្កភាពអសន្តិសុខដល់កន្លែងសែនលោកយាយ។

តែយ៉ាងណាមិញ គេមិនទាន់ឃើញមានប្រភព ឬចំណាត់ការណាមួយចេញមកបញ្ជាក់ថា តើពួកគេធ្វើបែបនេះ ដើម្បីអ្វីនៅឡើយទេ។

សូមបញ្ជាក់ផងដែរថា លោកយាយម៉ៅ គឺជាវីរៈនារីក្នុងរឿងព្រេង ដែលប្រជាជនខ្មែរមានជំនឿជឿថាជាទេវតាស័ក្តិសិទ្ធតាមបែបព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជាយើង។ លោកយាយម៉ៅ ត្រូវបានគេគោរពបូជាយ៉ាងខ្លាំងនិងបានធ្វើជាទីសក្ការៈនៅតាមឆ្នេរសមុទ្រ ដូចជា​នៅ​ចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ ជិតតំបន់ជ្រោះពេជ្រនិល និងនៅភ្នំបូកគោក្នុងខេត្តកំពតជាដើម៕