រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារ អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកាសនេះធ្វើឡើងនៅក្នុងលិខិតរួមថ្មីៗនេះរបស់លោកស្រី ផេននី វង (Penny wong) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។

ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លាន ដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២៣។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈ ការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា- សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ៕