ប្រទេសថៃ ៖ មេដឹកនាំក្រុមគាំទ្រគណបក្សកាវក្លៃបានស្នើឱ្យមហាជនទូទៅក្រោកឈរឡើងតស៊ូជាមួយឧបសគ្គ ដោយបបួលឱ្យស្លៀកពាក់ឈុតខ្មៅកាន់ទុក្ខ រហូតដល់ដាច់ខែកក្កដា ឆ្នាំ២០២៣ ។ លើសពីនេះ ពួកគេក៏បានសំណូមពរឱ្យគណបក្សនយោបាយចំនួន៨ ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសហការគ្នាឱ្យរឹងមាំផងដែរ និងមើលឃើញពីទឹកចិត្តពលរដ្ឋថៃ ដែលត្រូវរងទុក្ខវេទនាអស់រយៈពេលជាង៨ឆ្នាំ ។
កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងមក គេរាយការណ៍ថា ក្រោយពីរដ្ឋសភាបានបោះឆ្នោត និងសម្រេចថា មិនអាចដាក់ឈ្មោះលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត ក៏បានធ្វើឱ្យពលរដ្ឋថៃស្ទើរទូទាំងប្រទេសបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ។
គេសង្កេតឃើញថា នៅបរិវេណវិមានប្រជាធិបតេយ្យ (Democracy Monument) ដែលជាកន្លែងណាត់ជួបគ្នារបស់ក្រុមអ្នកគាំទ្រគណបក្សកាវក្លៃ មានអ្នកគាំទ្រគណបក្សនេះបាននាំគ្នាដើរចូលមកជាបន្តបន្ទាប់ និងបង្កើតវេទិកានិយាយពាក់ព័ន្ធនឹងតុលាការធម្មនុញ្ញដកសមាជិកភាពសភារបស់លោក Pita Limjaroenrat ។ មេដឹកនាំក្រុមគាំទ្រគណបក្សកាវក្លៃមកពីតំបន់ផ្សេងៗបានឆ្លាស់គ្នាឡើងនិយាយលើវេទិកា ។
លោក Somyot Prueksakasemsuk លើកឡើងថា ពួកផ្តាច់ការបានរួមគ្នាបំផ្លាញសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងធ្វើឱ្យក្តីសុបិនរបស់ពលរដ្ឋ ដែលចង់ឃើញគណបក្សកាវក្លៃ និងគណបក្សភឿថៃរួមគ្នាបង្កើតរដ្ឋាភិបាលនោះបានរលាយអស់ ហើយគណបក្សកាវក្លៃទំនងជាត្រូវធ្វើបក្សប្រឆាំង ។ តើពលរដ្ឋទាំងអស់ទទួលយកបានដែរឬទេ ?
លោកបន្តថា ចាប់ពីពេលនេះ យើងត្រូវតស៊ូបន្តទៀតតាមគ្រប់វិធី មិនថាការទៅគោះទ្វារ ឬចុចកណ្តឹងផ្ទះរបស់សមាជិកព្រឹទ្ធសភា ដើម្បីឱ្យពួកគេដឹងខ្លួន និងប្តូរចិត្ត ។ ការតស៊ូនេះមិនមែនជារឿងរបស់គណបក្សកាវក្លៃតែមួយទេ ប៉ុន្តែវាជារឿងរបស់ពលរដ្ឋទាំងអស់ដែលត្រូវចេញមកតស៊ូរួមគ្នា ។ លើសពីនេះ យើងនឹងរួមគ្នាកម្ចាត់នូវអំណាចមើលមិនឃើញផងដែរ ។ សូមអញ្ជើញបងប្អូនពលរដ្ឋគ្រប់គ្នាស្លៀកពាក់ឈុតពណ៌ខ្មៅដើម្បីកាន់ទុក្ខ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។
រីឯលោក Rattaphoom Lertphaichit លើកឡើងថា សូមផ្តល់កម្លាំងចិត្តដល់គណបក្សនយោបាយចំនួន៨ ត្រូវចាប់ដៃគ្នាឱ្យណែន និងជជែកដោយបើកចំហ ហើយត្រូវគិតថា អ្វីដែលលោកអ្នកបានធ្វើនោះ គឺពលរដ្ឋជាអ្នកទទួលបានប្រយោជន៍ ព្រោះពលរដ្ឋបានរងទុក្ខវេទនាអស់រយៈពេល៨ឆ្នាំហើយ និងចង់ឃើញពន្លឺ ។
ចំណែកលោក Yingcheep Atchanon លើកឡើងថា លោក Pita Limjaroenrat បានកាន់តំណែងជាសមាជិកសភាតាំងពីឆ្នាំ២០១៩ មកម៉្លេះ បើលោកខ្វះគុណសម្បត្តិ គួរតែខ្វះតាំងពីយូរមកហើយ ។ ម្យ៉ាងទៀត កាលពីខែមេសា ឆ្នាំ២០២៣ លោក Pita Limjaroenrat បានដាក់ពាក្យចូលរួមក្នុងការបោះឆ្នោត ហើយគេត្រូវត្រួតពិនិត្យគុណសម្បត្តិ ដូច្នេះ បើលោកខ្វះគុណសម្បត្តិ គួរតែបញ្ជាក់នៅពេលនោះ ៕ ប្រភព ៖ Thairath










